(ភ្នំពេញ)៖ នៅទីស្តីការក្រសួងព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់ការពិនិត្យ និងវាយតម្លៃក្នុងការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមមជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមចម្បងៗដែលបានជួបប្រទះពេលអនុវត្តក្នុងឆ្នាំកន្លងមក និងលើកទិសដៅបន្តអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឱ្យកាន់តែប្រសើរថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួង ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀនទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់ កំពុងតែមានស្ថានភាពគួរឱ្យព្រួយបារម្ភ។ កំណើននៃការប្រើប្រាស់គ្រឿងញៀនសំយោគមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ក្រាមម្សៅមានការកើនឡើងខ្លាំង ក្នុងពេលដែលដំណាំអាភៀន ក៏ដូចជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនមានការថយចុះ។
លោក ជា សុមេធី បានលើកឡើងទៀតថា សកម្មភាពផលិតគ្រឿងញៀននៅក្នុងតំបន់ ដែលប្រព្រឹត្តដោយក្រុមឧក្រឹដ្ឋជនប្រដាប់អាវុធ ដែលទទួលបានមូលនិធិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ និងបានពង្រីកខ្លួនកាន់តែធំ។ ការផលិតគ្រឿងញៀនសំយោគមានបរិមាណកើនឡើងដូចជាមេតំហ្វេតាមីន ក្រាមម្សៅ ម៉ាទឹកកកមានតម្លៃថោក ងាយស្រួលរកបាន ធ្វើឱ្យទីផ្សារគ្រឿងញៀនប្រភេទនេះកាន់តែរីកធំទៅៗ នៅក្នុងតំបន់ទាំងមូល និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងជាឧបសគ្គដ៏ធំក្នុងការរារាំងដល់កិច្ចអភិវឌ្ឍជាតិ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ពិភពលោកលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ និងជំនួបនានា៕