Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិ ស្នើសុំគោលការណ៍ក្រសួងសុខាភិបាល ចាប់បង្ខំគ្លីនិកឯកជនឱ្យរាយការណ៍ពីទិន្នន័យអ្នកជំងឺអេដស៍ ដែលខ្លួនកំពុងព្យាបាលដោយរក្សានូវឯកជនភាព (Video inside)

24-12-2024 15:41

(ភ្នំពេញ)៖ លោក​ អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា អាជ្ញាធរជាតិបានស្នើសុំគោលការណ៍ពីក្រសួងសុខាភិបាល ដើម្បីចាប់បង្ខំគ្លីនិកឯកជនឱ្យរាយការណ៍ពីទិន្នន័យអ្នកជំងឺអេដស៍ដែលខ្លួនកំពុងព្យាបាល ដោយរក្សានូវឯកជនភាពអ្នកជំងឺ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង៧ម៉ឺននាក់ នៅកម្ពុជា គឺមានចំនួនប្រមាណ៦ពាន់នាក់ ដែលមិនទាន់មកទទួលការព្យាបាល ហើយបញ្ហានេះ អាចបណ្តាលមកពីពួកគាត់ខ្លះធ្វើចំណាកស្រុក, ខ្លួនទទួលមរណភាព ហើយខ្លះទៀតកំពុងតែសម្ងំព្យាបាលនៅគ្លីនិកឯកជន ឬក៏ផ្ទះពេទ្យឯកជនជាដើម។ លោក បានបន្តថា ក្រុមទី៣នេះ អាចជាប្រភេទមនុស្សសំខាន់ៗ អ្នកដែលមានមុខមាត់ ល្បីល្បាញ ពួកគេមិនសូវចេះមុខមកឱ្យដឹងនោះទេ មិនមែនពួកគាត់គេចទេ ហើយនេះជាហេតុដែលអាជ្ញាធរមិនមានរបាយការណ៍ទិន្នន័យពិតប្រាកដ។

បើតាមលោកទេសរដ្ឋមន្រ្តី, អ្នកដែលស្ថិតនៅក្នុងការសង្ស័យហើយមិនទាន់បានមកពិនិត្យ មានប្រមាណជាង៦ពាន់នាក់នោះ កំពុងសម្ងំព្យាបាលជាមួយគ្លីនិកឯកជន ហើយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើសុំគោលការណ៍ពីក្រសួងសុខាភិបាល ដើម្បីចាប់បង្ខំគ្លីនិកឯកជនឱ្យរាយការណ៍មកអាជ្ញាធរ ដោយរក្សានូវឯកជនភាពអ្នកជំងឺផងដែរ៕