(ភ្នំពេញ)៖ រដ្ឋមន្ត្រី ជា វ៉ាន់ដេត នៅថ្ងៃទី២៤ ខែធ្នូ ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
លោករដ្ឋមន្រ្តី បានជម្រាបជូន អំពីវឌ្ឍភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។
លោករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យទាំងបី និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថលផងដែរ៕