(ភ្នំពេញ)៖ លោក ឡេ ហាយជុង (Le Haoi Trung) សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានថ្លែងកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិកន្លងទៅនេះ និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីពេលបច្ចុប្បន្ន។
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម លោក ឡេ ហាយជុង ថ្លែងកោតសរសើរភាពរីកចម្រើនរបស់កម្ពុជា ក្នុងឱកាសរូបលោកអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
នៅក្នុងជំនួបនេះ លោក ឡេ ហាយជុង បានសម្តែងសេចក្តីសោមនស្សរីករាយជាខ្លាំង និងអរគុណសម្តេចតេជោ បានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម។ លោក ហាយជុង ក៏បានពាំនាំជូនសម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក លឿង កឿង ប្រធានរដ្ឋវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។
លោក ឡេ ហាយជុង បានអបអរសាទរចំពោះសមិទ្ធផលធំៗ ដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ព្រមទាំងកិត្យានុភាពរបស់កម្ពុជាត្រូវបានលើកកម្ពស់កាន់តែខ្ទរខ្ទារលើឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក ឡេ ហាយជុង និងសហការីនៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញការជឿងជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែកពូនជ្រុំទំនាក់ទំនងដ៏ល្អ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយរវាងគណបក្ស និងប្រទេសទាំងពីរឱ្យល្អប្រសើរថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោក ឡេ ហាយជុង ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក លឿង កឿង ប្រធានរដ្ឋវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងវៀតណាម ដោយឈរលើស្មារតី «ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» និងការជឿជាក់ទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។
សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អជាមួយវៀតណាម តាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះឱ្យមានភាពរឹងមាំជារៀងរហូតមក។
សម្ដេចតេជោជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានលោក តូ ឡឹម ជាអគ្គលេខាធិការបក្សនោះ ប្រទេសវៀតណាម នឹងសម្រេចបាននូវគោលដៅ «ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥»៕