(ពោធិ៍សាត់)៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍ផ្ទះព្រៃ សហការជាមួយកម្លាំងអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនគូស្នេហ៍មួយគូ ជាប់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកខុសច្បាប់សារធាតុញៀន។
លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការរងនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលានេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបន្ទប់លេខ២០៦ ក្នុងសណ្ឋាគារវិមានទិព្វ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ១-ម៉ុល គឹមសេង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ២-សៅ ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកអធិការរងបានបន្តថា មុននឹងឈានដល់ការបង្ក្រាបជនសង្ស័យទាំង២នាក់គូស្នេហ៍ខាងលើនេះ កម្លាំងរបស់លោកបានតាមដាន ជាយូរណាស់មកហើយ ពោលគឺគ្មានភស្តុតាងដើម្បីដាក់បន្ទុក។ លោកបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ១១.០៦ក្រាម, ទូរស័ព្ទ២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់គូស្នេហ៍ ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រៀងញៀន កំពុងរៀបចំ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕