(ភ្នំពេញ)៖ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រគណបក្សអតីតគណបក្សសង្គ្រោះជាតិ (CNR)P) ប្រធានគណបក្សខ្មែរអភិរក្ស និងជាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានប្រកាសគាំទ្រសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាសន្តិភាពដែលសង្គ្រោះប្រជាជនកម្ពុជា ពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម ព្រមទាំងទទូចសុំអ្នកនយោបាយដែលឈ្លក់វង្វេងចាញ់បោកទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី បែបត្រឡប់មករួមសាមគ្គីជាមួយរដ្ឋាភិបាលស្របច្បាប់។

ក្នុងឱកាសជួបសម្ភាសន៍ជាមួយក្រុមការងារបណ្តាញព័ត៌មាន Fresh News នៅលើក្រវាត់ព្រំដែនទិសឦសាន នាពេលថ្មីៗនេះ លោក រៀល ខេមរិន្ទ្រ បានលើកឡើងថាការប្រឌិតព័ត៌មានក្លែង ញុះញ់ងបង្កឱ្យមានការបែកបាក់ផ្ទៃក្នុង របស់អ្នកនយោបាយ គឺមិនមែនជាអ្នកនយោបាយស្រឡាញ់ជាតិនោះទេ ប៉ុន្តែ ជាអ្នកនយោបាយបំផ្លាញជាតិ។

លោក រៀល ខេមរិន្ទ្រ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំគាំទ្ររាជរដ្ឋាភិបាលទាំងស្រុង ខ្ញុំអ្នកស្រឡាញ់សន្តិភាព អ្វីដែលពាក់ព័ន្ធនឹងសង្គ្រាមខ្ញុំមិនគាំទ្រជាដាច់ខាត។ សូមជម្រាបថា ខ្ញុំ រៀល ខេមរិន្ទ ថ្ងៃមុនរឿងផ្សេង តែថ្ងៃនេះគឺខ្ញុំដាក់បេះដូង ដាក់ជីវិតជូនប្រជារាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ ក្នុងនាមខ្ញុំជាអ្នកនយោបាយប្រឆាំងពីដើម ខ្ញុំសូមអំពាវនាវដោយទទូចសុំឱ្យបងប្អូនដែលជាអ្នកនយោបាយដែលកំពុងតែឈ្លក់វង្វេងភ្លេចខ្លួន សុំបែរត្រឡប់មករួមសាមគ្គីជាតិខ្មែរឡើងវិញ ដើម្បីជាតិយើងរុងរឿង មានសន្តិភាព»

លោក រៀល ខេមរិន្ទ្រ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាជាតិមានសុខសន្តិភាព ការការអភិវឌ្ឍរុងរឿង ហើយជាពិសេសសូមកុំជឿលើការញុះញង់មិនសមហេតុ សមផល របស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ដែលធ្វើឱ្យជាតិខ្មែរមានការបែកបាក់សាមគ្គី ធ្វើឱ្យប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋដែលធ្លាប់ជឿពាក្យបោកប្រាស់របស់ទណ្ឌិតរូបនេះ ងាកមកគាំទ្ររាជរដ្ឋាភិបាល ដើម្បីពង្រឹងកម្លាំងសាមគ្គីជាតិខ្មែរទាំងអស់គ្នា។

លោក រៀល ខេមរិន្ទ្រ ក៏បានរម្លឹកថា លោកជាអតីតអ្នកតំណាងរាស្ត្ររបស់អតីតគណបក្សប្រឆាំង ជាអ្នកធ្លាក់ដើរខុសផ្លូវ ពីព្រោះចាញ់បោកនយោបាយរបស់ទណ្ឌិត សម រង្ស៉ី ក៏ប៉ុន្តែ ដោយសារតែមានការសណ្តោះប្រណីពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទើបលោកអាចមានឱកាសប្រឡូកក្នុងឆាកនយោបាយឡើងវិញ ដើម្បីធ្វើយ៉ាងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍជាតិ ពង្រឹងសាមគ្គីជាតិក្នុងឈាមជ័រខ្មែរតែមួយ។

«ខ្ញុំបានយល់ឃើញថា សម្តេចតេជោ ហ៊ុន សែន គឺជាបិតា សន្តិភាព សម្តេចគឺជាអ្នកដែលសង្គ្រោះយើងទាំងអស់គ្នា យើងទាំងអស់គ្នា គឺបានរស់រានមានជីវិតក្នុងថ្ងៃនេះ អភិវឌ្ឍន៍ប្រទេសបែបនេះ ក៏ដោយសារតែគុណនៃគណបក្សប្រជាជន គឺសម្តេចតេជោ ហ៊ុន សែន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក រៀល ខេមរិន្ទ្រ៕