(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សិស្សសាលាប៊ែលធីអន្តរជាតិថ្នាក់ទី៧ និងទី៨ ជាង៧,០០០នាក់ ទាំង២៨សាខា ទទួលបានចំណេះដឹងពីកម្មវិធីបង្កើនចំណេះដឹងទូទៅស្តីពីការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅប៊ែលធី អន្តរជាតិ បានថ្លែងស្វាគមន៍ និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) តាមបែបចម្រុះ (ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក»។

ថ្លែងក្នុងឱកាសនោះលោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងថា សិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ ត្រូវចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងជួយអ្នកជិតខាងកុំឱ្យប្រើ និងញៀនគ្រឿងញៀន ចៀសវាងដាច់ខាតមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក ព្រមទាំងចូលរួមជួយសង្គមជាកូនល្អ សិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អ មានគុណធម៌ និងសាមគ្គីភាព។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការកោតសសើរ និងអរគុណពីលោកសន្តិបបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនលោកបណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប និងសហការីទាំងអស់ ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែមដល់សិស្សជាង៧,០០០នាក់ មកទទួលការយល់ដឹងពីគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន យល់ដឹងពីការបង្ការខ្លួនឯង និងការចូលរួមក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ហើយមិនទៅប៉ះពាល់បារីអេឡិចត្រូនិកដែលនាំ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរអ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួគ្រួសារ និងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក រួមគ្នាផ្សព្វផ្សាយ និងប្រើប្រាស់ App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា៕