Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អៀង មូលី៖ កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍សរុបជាង ៧ម៉ឺននាក់ បើវាយតម្លៃតាមបែបវិទ្យាសាស្រ្តឆ្នាំ២០២២ និង២០២៣ (Video inside)

24-12-2024 15:00

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា អ្នកផ្ទុកមេរោគអេដស៍សរុបនៅកម្ពុជាប្រមាណជាង៧ម៉ឺននាក់ បើតាមវាយតម្លៃតាមទិន្នន័យវិទ្យាសាស្រ្តឆ្នាំ២០២២ និង២០២៣។

លោក អៀង មូលី បានលើកឡើងថា នៅឆ្នាំ២០២៤ មានអ្នកផ្ទុកមេរោគអេដស៍ប៉ុន្មាននាក់នោះ អាជ្ញាធរជាតិមិនទាន់មានទិន្នន័យបង្ហាញជូននោះទេ ប៉ុន្តែបើតាមការវាយតម្លៃបែបវិទ្យាសាស្រ្តក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាចសន្និដ្ឋានបានថា អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណ៧ម៉ឺន៦ពាន់នាក់ ជាទិន្នន័យមូលតែម្ដង។

លោក បានបន្តថា ប៉ុន្តែបើក្រឡេកទៅមើលអ្នកមកទទួលសេវាព្យាបាល ឬថ្នាំ គឺមាន ៦៩,៤១៣នាក់ បើគិតទៅប្រៀបធៀបជាមួយទិន្ន័យទាំងពីរនេះ គឺនៅខ្វះ ៦,៥៨៧នាក់ទៀត ដែលមិនទាន់មកទទួលការព្យាបាល ដែលមានសារព័ត៌មានខ្លះបកស្រាយថាខ្វះ ៧ពាន់នាក់រត់គេចមិនទទួលការព្យាបាល។

ទន្ទឹមនឹងនេះ លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ក្នុង ៦,៥៨៧នាក់នោះ អាចមានអ្នកខ្លះចំណាកស្រុក, អ្នកខ្លះអាចស្លាប់មុនមកទទួលការព្យាបាល ហើយអ្នកខ្លះទៀតកំពុងតែសម្ងំព្យាបាលនៅគ្លីនិកឯកជន ឬក៏ផ្ទះពេទ្យឯកជន។ លោក បានបន្តថា ក្រុមទី៣នេះ អាចជាប្រភេទមនុស្សសំខាន់ៗ អ្នកដែលមានមុខមាត់ ល្បីល្បាញ ពួកគេមិនសូវចេះមុខមកឱ្យយើងដឹងនោះទេ មិនមែនពួកគាត់គេចទេ ដោយនេះជាហេតុដែលយើងមិនមានរបាយការណ៍ទិន្នន័យពិតប្រាកដ។

ជាថ្មីម្ដងទៀត លោក អៀង មូលី បានលើកឡើងថា យើងមិនអាចសន្និដ្ឋានបានថា អ្នកដែលមិនមកទទួលការព្យាបាលជិត ៧ពាន់នាក់នោះ ទៅសម្ងំចម្លងដល់អ្នកដទៃ ក៏យើងមិនអាចដឹងបានដែរ ដ្បិតមួយចំនួន អាចនិងកំពុងទទួលការព្យាបាលពីគ្លីនិកឯកជនក៏ថាបាន៕