(កំពង់ចាម)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះពិនិត្យវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅក្រោយវត្តសុទស្សនារាម (វត្តមាន់ដប់) ក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមជម្រាបថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំងគឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ ស្របពេលទឹកទន្លេស្រកចុះជាបន្តបន្ទាប់ធ្វើឱ្យបាត់តុល្យភាពនៃទឹកក្រោមដី និងផ្ទៃទឹកទន្លេមេគង្គបានបណ្តាលឱ្យមានហេតុការណ៍បាក់ស្រុតច្រាំងកើតឡើង ហើយដែលជាវិធានការចំពោះមុខតម្រូវឱ្យមានការត្រៀមលក្ខណៈ ដើម្បីការពារច្រាំងទន្លេ ដោយជួសជុលបន្ទាន់។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានសិក្សាលម្អិតគម្រោងការពារច្រាំងទន្លេមេគង្គបាក់ស្រុតនេះប្រវែង២២០ម៉ែត្រ ហើយការអនុវត្តការសាងសង់ច្រាំងទន្លេ ដែលជាវិធានការចំពោះមុខនេះធ្វើឡើងជា២ដំណាក់កាល គឺដំណាក់កាលទី១ ការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ ធ្វើការពង្រឹងច្រាំងផ្នែកខាងលើ បន្ទាប់ពីផ្នែកខាងក្រោមត្រូវបានពង្រឹងរួច។
លោករដ្ឋមន្ត្រី និងក្រុមការងារក៏បានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក នៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដូនជីតាជីប្រមាណ១០០នាក់ នៅបរិវេណវត្តមាន់ដប់ផងដែរ។
សូមបញ្ជាក់ថា បាតុភូតនៃការប្រែប្រួលចរន្តទឹកបណ្តាលមកពីការដុះរីកនៃកោះនានាក្នុងទន្លេ និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការស្រុតបាក់ច្រាំងទន្លេជាបន្តបន្ទាប់។ ក្រសួងធនធានទឹកនិងឧតុនិយម ក្នុងនាមក្រសួងបច្ចេកទេសបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្ដការងារ ក្នុងគោលបំណងដើម្បីការពារច្រាំងទន្លេ រក្សាស្ថិរភាពច្រាំង និងកាត់បន្ថយការហូរច្រោះ និងស្រុតបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា៕