(ព្រៃវែង)៖ លោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ បានដឹកនាំក្រុមការងារចុះទៅប្រគល់រថយន្ត ដែលបានដឹកលើសទម្ងន់ចំនួន ២០% នៃច្បាប់អនុញ្ញាត និងបានឃាត់ទុករយៈពេល ១ឆ្នាំ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ចំនួន១៤គ្រឿង ក្នុងនោះនៅទីតាំងអនុស្ថានីយរំចេក ខេត្តព្រៃវែង ចំនួន ០៨គ្រឿង និងស្ថានីយកំពង់ទួល ខេត្តកណ្តាល ចំនួន ០៦គ្រឿង។
សូមរំលឹកដែរថា គិតមកត្រឹមថ្ងៃនេះរថយន្តដែលឃាត់រក្សាទុក ១ឆ្នាំ នៅសល់ចំនួន ១១៦គ្រឿង ដែលពុំទាន់ដល់ពេលវេលាកំណត់ប្រគល់ ជូនទៅម្ចាស់រថយន្តយកទៅប្រើប្រាស់ឡើងវិញ។
ឆ្លៀតក្នុងឱកាសនេះ លោក គឹម សាន់ ក៏បានស្នើសុំដល់ម្ចាស់រថយន្តទាំង ១៤គ្រឿងខាងលើ ពេលដែលទទួលយករថយន្តទៅប្រើប្រាស់វិញ សូមបញ្ឈប់ការដឹកលើសទម្ងន់កម្រិតកំណត់ ដើម្បីចៀសវាងការពិន័យ និងឃាត់ទុករថយន្តទុកម្តងទៀត ដែលនាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា ព្រមទាំងជួយផ្សព្វផ្សាយទៅដល់បងប្អូនដែលប្រកបរបរដឹកជញ្ជូនទំនិញទាំងអស់ ឱ្យចូលរួមគោរពអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ៕