(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា នៅដើមឆ្នាំ២០២៥ ខាងមុខ កម្ពុជានឹងមានថ្នាំចាក់បង្ការមេរោគអេដស៍ ដែលមានសុពលភាពរយៈពេល២ខែ ដោយឥតគិតថ្លៃ។
លោក អៀង មូលី បានលើកឡើងថា ជាការល្អណាស់ដែលប្រជាជនចាប់អារម្មណ៍រឿងអេដស៍នេះ ព្រោះគ្រប់គ្នាមិនអាចភ្លេចអេដស៍បានទេ។ លោកបានបន្តថា កម្ពុជាធ្លាប់ទទួលបានជោគជ័យម្ដងកាលពីឆ្នាំ២០១០ ប៉ុន្តែក្រោយសម័យកូវីដមក ការផ្សព្វផ្សាយអំពីបញ្ហាមេរោគអេដស៍នេះមានការធ្លាក់ចុះ ក៏ដូចជាការចែកស្រោមអនាម័យតាមដងផ្លូវលែងសូវមានដូចមុន ហើយក្រុមប្រជាជនគន្លឹះក៏មិនសូវយកចិត្តទុកដាក់ថែទាំខ្លួន បណ្តាលឱ្យមេរោគអេដស៍មានការងើបឡើងវិញ។
លោកបានបន្តថា «អ្វីដែលយើងព្រួយបារម្ភខ្លាំងជាងនេះគឺ យុវជនក្មេងៗអាយុ១៤ឆ្នាំ, ១៥ឆ្នាំ មិនដែលគិតគូរពីរឿងសុវត្ថិភាពនៃការរួមភេទទេ ពួកគេគិតតែពីរឿងសប្បាយ ភ្លើតភ្លើន ព្រោះជំងឺអេដស៍កើតឡើងដោយសារការសប្បាយការភ្លើតភ្លើន និងដោយសារឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន។ ទន្ទឹមនឹងនេះ លោក បានបញ្ជាក់ថា «យើងពិតជាបារម្ភណាស់ នៅពេលដែលពួកគាត់មានអត្រាឆ្លងខ្ពស់ហើយ មិនមកទទួលការព្យាបាលពីខាងយើង ... ការពិតវិទ្យាសាស្ត្រនៃមធ្យោបាយការបង្ការមេរោគអេដស៍ យើងមាន»។
លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ថា «បើចង់បង្ការរឿងអេដស៍ នៅក្នុងប្រទេសកម្ពុជា ចាប់ពីដើមខែមករា ឆ្នាំ២០២៥ មានថ្នាំចាក់បង្ការមេរោគអេដស៍មានសុពលភាព២ខែ និងថ្នាំលេបមុន(ព្រីប)/ក្រោយការរួមភេទ (ពិប)»។
ជាថ្មីម្ដងទៀត លោក អៀង មូលី បានរំលេចថា សម្រាប់អ្នកដែលគិតថាខ្លួនអាចនឹងឆ្លងជំងឺនេះ ឬបានធ្វើតេស្តដោយខ្លួនឯងឃើញមានសញ្ញាវិជ្ជមាន សូមកុំទាន់ស្លន់ស្លោ ត្រូវមកប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យជំនាញ ដើម្បីប្រឹក្សាយោបល់ និងទទួលការព្យាបាល ថែទាំ ព្រោះមេរោគអេដស៍នេះ អាចធ្វើការព្យាបាលបាន ទោះបីមិនជាដាច់ ប៉ុន្តែក៏អាចត្រឡប់មកស្ថានភាពដូចអ្នកគ្មានជំងឺដែរ៕