(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបង្ហាញការព្រួយបារម្ភចំពោះយុវវ័យដែលជាប្រជាជនគន្លឹះ ខណៈដែលអត្រាឆ្លងមេរោគអេដស៍ក្រុមនេះខ្ពស់ជាងប្រជាជនធម្មតា។
ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយ បណ្ដាញព័ត៌មាន Fresh News, លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា អ្វីដែលលោកបារម្ភ គឺបារម្ភដល់យុវវ័យ ដោយសារទិន្នន័យដែលយើងទទួលបានកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ ក្នុង១៤០០នាក់នេះ ៨៣% គឺជាប្រជាជនគន្លឹះ ដែលមាន នារីបម្រើសេវាកម្សាន្ត ឬនារីបម្រើសេវាផ្លូវភេទ, ក្រុមបុរសរួមភេទជាមួយបុរស, បុរសប្ដូរភេទទៅនារី និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ហើយប្រជាជនធម្មតាឆ្លងតែ១៧%ទេ។
លោកបានគូសបញ្ជាក់ថា ក្នុង ៨៣%នេះ មាន អត្រាឆ្លងសម្រាប់ប្រជាជនគន្លឹះនេះដូចតទៅ៖
ទី១៖ នារីបម្រើសេវាកម្សាន្ត ឬនារីបម្រើសេវាផ្លូវភេទ មានប្រមាណជាង ៥ម៉ឺននាក់ អត្រាឆ្លង ៤.៩% បើធៀបជាមួយប្រទេសជិតខាងយើងច្រើនជាងគេ ខណៈគេមានអត្រាឆ្លងត្រឹមតែប្រមាណ៣%ប៉ុណ្ណោះ
ទី២៖ បុរសរួមភេទជាមួយបុរស នៅកម្ពុជាអាចវាយតម្លៃថា មានប្រមាណជិត ៩ម៉ឺននាក់ ហើយក្រុមនេះត្រូវបានបែងចែកជាពីរថ្នាក់ (១)បុរសដែលរកស៊ីផ្លូវភេទ និង(២)បុរសដែលមានដៃគូម្ដងម្កាលជាមួយបុរស មានអត្រាឆ្លង ៥.៥%
ទី៣៖ បុរសប្ដូរភេទមកជានារី ឬ Transgender ដែលមានអត្រាខ្ពស់ ជាងក្រុមទាំងពីរខាងលើ គឺមានអត្រាឆ្លង ១៣.០៥%
ទី៤៖ ក្រុមប្រើប្រាស់គ្រឿងញៀន មានអត្រាឆ្លងខ្ពស់បំផុតរហូតដល់ ១៥.០៣%៕