(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានបង្ហោះឡើងវិញនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានថ្លែងព្រមាន និងដាក់បទបញ្ជាឲ្យចាត់វិធានការ លើរថយន្តដឹកលើសទម្ងន់ ដោយមិនលើកលែងគ្រប់រថយន្ត ដឹកលើសទម្ងន់ទាំងអស់ ទោះបីរថយន្តនោះមានម្ចាស់ជាអ្នកពាក់ផ្កាយ ឬលោកខែក៏ដោយ។
ការយកសារព្រមានរបស់សម្តេចតេជោ ហ៊ុន សែន មកបង្ហោះជាថ្មីនាពេលនេះ គឺធ្វើចំពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំពុងដាក់ចេញយុទ្ធនាការ ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ក៏ដូចជាកាត់ទ្រុងរថយន្តទាំងឡាយ ដែលធ្វើការកែច្នៃខុសលក្ខណៈបច្ចេកទេស។ ការបង្ហោះសារនេះ អាចជាសារដាស់ស្មារតីដល់ ក្រុមអ្នកចូលចិត្តយកអំណាច ពាំងការរកស៊ីដឹកលើសទម្ងន់បញ្ឈប់ សកម្មភាពរបស់ពួកគេ។
ការដឹកលើសទម្ងន់ត្រូវបានគេមើលឃើញថា ជាបុព្វហេតុចម្បងមួយ ដែលនាំឲ្យផ្លូវរបស់កម្ពុជារងការខូចខាត និងខ្ទេចខ្ទាំ។ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា បើមានរថយន្តមួយគ្រឿងដឹកទំនិញលើសទម្ងន់ចំនួន ១០តោន វាស្មើនឹងរថយន្ត ១ម៉ឺនគ្រឿង ធ្វើដំណើរលើផ្លូវនោះ ហើយបើដឹកលើស ២០តោន ស្មើរថយន្ត ១៦ម៉ឺនគ្រឿង។
ការចាត់វិធានការលើរថយន្តដឹកលើសទម្ងន់នេះ ត្រូវបានគេដឹងថា ក្រសួងពាក់ព័ន្ធដាក់ចេញជាយូរមកហើយ តែការអនុវត្តទប់ស្កាត់លើរថយន្តដឹកលើសទម្ងន់ ហាក់នៅមិនទាន់មានប្រសិទ្ធភាព នៅឡើយ បើទោះបីមានការប្រកាសបើកភ្លើងខៀវឲ្យ ចាត់វិធានការក្តៅពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជាក្តី។
ការអនុវត្តមិនសូវជាមានប្រសិទ្ធភាពនេះ ត្រូវបានមន្រ្តីជំនាញមួយចំនួនបង្ហើបឲ្យដឹងថា ព្រោះតែមានអ្នករកស៊ី ដឹកជញ្ជូនមួយចំនួន គឺជា មន្រ្តីមានឥទ្ធិពលមានអំណាច និងខ្លះទៀតជាមន្រ្តីយោធា ពាក់ផ្កាយពេញស្មា ធ្វើស្ពានក្នុងការបំពានច្បាប់ ហើយពួកគេថែមទាំងមិនខ្លាច មន្រ្តីអនុវត្តច្បាប់ជាស៊ីវិលថែមទៀតផង។
មន្រ្តីបាននិយាយថា បើចង់វិធានការលើរថយន្ត ដឹកលើសទម្ងន់ឲ្យមានប្រសិទ្ធភាពទាមទារឲ្យ មន្រ្តីមានអំណាច ដែលមានទាំងមន្រ្តីយោ ធាផង ចូលរួមគោរពច្បាប់ និងឈប់យកអំណាច និងឥទ្ធិពលផ្កាយពាំងមុខរកស៊ីបំពានច្បាប់ ហើយត្រូវមានស្មារតីចូលរួមថែទាំងទ្រព្យសម្បត្តិជាតិទាំងអស់គ្នា។
សូមរំលឹកថា ដើម្បីទប់ស្កាត់សកម្មភាពដឹកជញ្ជូនលើសទម្ងន់បំផ្លាញផ្លូវនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកកាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីចាត់វិធានការក្តៅទៅលើក្រុមអ្នកដឹកលើសទម្ងន់។ ក្រុមការងារនេះ មានសមាជិក ១២រូប និង មានលោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីថ្ងសទី១២ ខែតុលា ក៏បានបើកកិច្ចប្រជុំជាមួយក្រុមការងារ និងដាក់ចេញវិធានការក្នុងការបង្ខំ ឲ្យក្រុមម្ចាស់រថយន្តតទ្រុង ខុសលក្ខណៈបច្ចេកទេសកាត់ទ្រុងចោល ហើយបើមិនកាត់ក្រុមការងារនឹងចុះកាត់ ព្រមទាំងពិន័យប្រាក់ថែមទៀតផង។
បើទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល ទទូចដល់ម្ចាស់រថយន្តតទ្រុងខុសបច្ចេកទេស កាត់ទ្រុងចោលដោយខ្លួនឯង និងបញ្ឈប់ការ ដឹកលើសទម្ងន់បំផ្លាញផ្លូវ ដែលសម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងកសាងឡើង៕