(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន ទិន្នន័យការបើកវគ្គបណ្តុះបណ្តាល និងទិន្នន័យសង្គ្រោះជនបរទេស។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបន្តថាទិន្នន័យទាំងអស់នេះ មានសារៈសំខាន់ក្នុងការប្រើប្រាស់ជាពិសេសទិន្នន័យដែលនាយកដ្ឋានបានជួយសង្គ្រោះជនបរទេស។ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានតណែនាំដល់មន្ត្រីចំណុះនាយកដ្ឋានទាំងអស់ដូចខាងក្រោម៖

*ទី១៖ ត្រូវពង្រឹងវិន័យកងកម្លាំងនគរបាលជាតិបំពេញតួនាទីភារកិច្ចដោយទទួលខុសត្រូវចំពោះភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន

*ទី២៖ ការគ្រងឯកសណ្ឋានក្នុងនាមជាមន្ត្រីនគរបាលជាតិ ជាពិសេសពាក់ព័ន្ធនិងការបង្ហោះរូបភាពទៅកាន់បណ្តាញសង្គមនានាត្រូវធ្វើការពិចារណាឲ្យបានត្រឹមត្រូវ រាល់កំហុសដែលអាចធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់នគរបាលជាតិ

*ទី៣៖ ត្រូវមានសីលធម៌ និងអាកប្បកិរិយាសមរម្យ ការប្រើប្រាស់ពាក្យសម្តីទៅលើប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីក្នុងអង្គភាពត្រូវតែទន់ភ្លន់ និងម៉ឺងម៉ាត់

*ទី៤៖ ការប្រើប្រាស់ស្លាកលេខរថយន្តនគរបាលឲ្យបានត្រឹមត្រូវចៀសវាងមានការប្រើប្រាស់មិនត្រូវតាមគោលដៅបម្រើឲ្យអង្គភាពមន្ត្រីនគរបាលជាតិ

*ទី៥៖ បន្តផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទពីរបៀបរបបកិច្ចប្រជុំប្រចាំខែតាមការិយាល័យជំនាញនីមួយៗ។ រីឯការងារគ្រប់គ្រងឯកសារការិយាល័យរដ្ឋបាល នៃនាយកដ្ឋាន ជាពិសេសការអនុវត្តចំណាររបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ រាល់ឯកសារចូលទៅតាមការិយាល័យជំនាញបានទទួល និងក្នុងនាមនាយកដ្ឋានបានឆ្លើយតបទៅតាមចំណារបែបណា៕