(ភ្នំពេញ)៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងថា ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ ក្នុងចំណោមប្រទេសដទៃទៀត។ លោកបានថ្លែងបែបនេះនៅឱកាសអបអរសាទរខួប ២០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំ នៃការបង្កើត «វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូត ក្នុងរយៈពេល ១៥ឆ្នាំនៃវឌ្ឍនភាពវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ជា១៥ឆ្នាំនៃការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក និងជាសមិទ្ធផលផ្លែផ្កាដែលបានមកពីមិត្តភាពដែកថែក។ ក្នុងរយៈពេល១៥ឆ្នាំនេះ ប្រទេសទាំងពីរបានគាំទ្រគ្នា ដោយឥតងាករេ ការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរៀងៗខ្លួន ហើយបានរួមគ្នា កាន់ដៃគ្នា ប្រកបដោយស្មារតីសាមគ្គីភាព ក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជា និងចិន។ ប្រទេសកម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលផ្តល់ការគាំទ្រដល់ប្រទេសចិនយ៉ាងពេញទំហឹង ចំពោះបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

លោក វ៉ាង វិនពីន បានបន្តថា៖ «ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ ក្នុងចំណោមប្រទេសដទៃទៀត។ គម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា-ចិន ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ពហុកីឡដ្ឋានជាតិកម្ពុជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានក្លាយជាកម្លាំងចលករយ៉ាងរឹងមាំ ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ប្រឈមមុខនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រទេសចិននិងកម្ពុជាបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រួមគ្នាសរសេរទំព័រថ្មី នៃការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ត្រូវបានធ្វើឱ្យស៊ីជម្រៅជាលំដាប់ ហើយការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន បានឈានចូលយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់ ដែលបង្ហាញពីទស្សនវិស័យនៃការអភិវឌ្ឍដ៏ទូលំទូលាយ»

សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន គឺមិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការដ៏ស្អិតរល្មួត ក្នុងវិស័យអប់រំ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ បណ្ដុះបណ្ដាលភាសាចិន និងនិស្សិតនៃប្រទេសទាំងពីរ រួមទាំងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

លោកអគ្គរដ្ឋទូត បានបញ្ជាក់ថា៖ «ភាគីចិននឹងនៅតែគាំទ្រវិទ្យាស្ថានខុងជឺ ក្នុងការបង្រៀនភាសាចិន និងការបណ្ដុះបណ្ដាលប្រេសិតនៃមិត្តភាពកម្ពុជា-ចិនបន្ថែមទៀត។ សង្ឃឹមថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានឹងចាត់ទុកខួបលើកទី១៥ឆ្នាំនេះ ជាចំណុចចាប់ផ្តើមថ្មី បន្តប្រកាន់ខ្ជាប់នូវការផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ប្រទេសយើងទាំងពីរ បន្ដប្រកាន់ខ្ជាប់នូវឥរិយាបថការធ្វើនវានុវត្ត ពង្រឹងទំនាក់ទំនង និងបង្កើតនូវគម្រោងនានាក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជន ជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជន និងប្រជាជន និងរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន បានឈានចូលយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់»

ក្នុងនាមជាវិទ្យាស្ថានខុងជឺទី១ នៅប្រទេសកម្ពុជា វិទ្យាស្ថានបានដើរតួនាទី ក្នុងការពង្រឹងការស្វែងយល់រវាងប្រជាជននិងប្រជាជន ព្រមទាំងផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិនផងដែរ។ ជាពិសេស វិទ្យាស្ថានគឺជាស្ថាប័នដែលបណ្ដុះបណ្ដាលធនធានភាសាចិនដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា ព្រោះក្នុងរយៈពេល១៥ឆ្នាំនេះ វិទ្យាស្ថានតែងតែបំពេញបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត តាមរយៈការខិតខំបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូជនជាតិចិនជាច្រើននាក់។

សូមជម្រាបថា កាលពី១៥ឆ្នាំមុន លោក ស៊ី ជីនភីង ក្នុងតំណែងជាអនុប្រធានាធិបតីនៃប្រទេសចិន និងសម្ដេចវិបុលបញ្ហា សុខ អាន ដែលពេលនោះជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសម្ពោធផ្លាក «វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា» ដោយផ្ទាល់ ដែលជាការសម្ពោធវិទ្យាស្ថានខុងជឺទី១ នៅក្នុងប្រទេសកម្ពុជា បានបើកទំព័រថ្មី នៃការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន៕