(កំពង់ឆ្នាំង)៖ ក្រុងកំពង់ឆ្នាំងបច្ចុប្បន្ននេះកំពុងត្រូវបានរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅតាមបណ្ដាផ្លូវថ្នល់សំខាន់ៗជាច្រើននៅទូទាំងក្រុង ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង​ដែលតែងជនលិចផ្លូវថ្នល់ និងទីតាំងសំខាន់ៗ​ជាច្រើនទៀតស្ទើគ្រប់ កន្លែងក្នុងក្រុងនារដូវវស្សា។

សកម្មភាពការកាយផ្លូវដាក់លូនៅក្នុងក្រុងកំពង់ឆ្នាំងខាងលើនេះ មានសកម្មភាពទាំងយប់ទាំងថ្ងៃ និងដោយមានការបែងចែកកម្លាំងកម្មករ និងក្រុមបច្ចេកទេសរួមទាំងគ្រឿងចក្រជាច្រើនគ្រឿង​ដាក់ពង្រាយធ្វើ សកម្មភាពតាមបណ្ដា ភូមិសាស្ត្រជាច្រើនក្នុងក្រុងកំពង់ឆ្នាំងទាំងមូល ដើម្បីសម្រុកធ្វើឲ្យទាន់នៅមុនរដូវវស្សាចូលមកដល់។ នេះបើតាមការបញ្ជាក់ពីក្រុមកម្មករ​នៅទីនោះ​ ការធ្វើប្រព័ន្ធលូនេះ គឺក្រុមហ៊ុនបានប្រើសម្ភារសំណង់ ទៅតាមលក្ខណៈបច្ចេកទេស និងធ្វើទៅតាមស្តង់ដាដែលធានាគុណភាពល្អ និងបានយូរអង្វែងទៀតផង។

លោក ឈួរ រិទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ថា ការងារធ្វើប្រព័ន្ធលូ​នៅក្នុងក្រុង​កំពង់ឆ្នាំងនេះ គឺជាអនុគម្រោង សាងសង់​ប្រព័ន្ធលូ ទំនប់ការពារទឹកជំនន់ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹង ទន្លេសាបជំហានទី១ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអ ភិវឌ្ឍន៍អាស៊ី (ADB)។

លោកបានបញ្ជាក់ថា អនុវត្តការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ និងសំណង់។ អំពីវឌ្ឍនភាពគម្រោងគិតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ គឺសម្រេចលទ្ធផលបាន​ប្រមាណជាង ៩៣ភាគរយហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះផងដែរ។

ទន្ទឹមនឹងនេះលោក ឈួរ រិទ្ធី បាន​សុំការយោគយល់ និងអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងបងប្អូនប្រជាពលរដ្ឋតាមលំនៅដ្ឋាន និងតាមបណ្ដាមន្ទីរអង្គភាពមួយចំនួនដែលការសាងសង់​ប្រព័ន្ធលូនេះ​​ធ្វើឲ្យមានការប៉ះពាល់ ពិបាកក្នុងការចេញចូលយានយន្តគ្រប់ប្រភេទដែលបង្កឡើងដោយការជីកកកាយរៀបចំប្រព័ន្ធលូ ក៏សូមមេត្តាអធ្យាស្រ័យ និងយោគយល់ដោយក្តីអនុគ្រោះ ដោយលោកបានអះអាងដែរថា ចំពោះផ្លូវដែលបានជីកដាក់ប្រព័ន្ធលូ គម្រោងនឹងធ្វើការជួលជុលឡើងវិញឱ្យបានដូចដើមផងដែរ៕