(ភ្នំពេញ)៖ ប្រទេសកម្ពុជានឹងនាំយក អង្ករឆ្ងាញ់ជាងគេបំផុតរបស់ខ្លួន ទៅចូលរួមប្រកួតប្រជែង ក្នុងក្របខណ្ឌពិភពលោក ដើម្បីជ្រើសរើសយកអង្ករល្អឆ្ងាញ់ជាងគេបំផុត របស់ពិភពលោក ឆ្នាំ២០១៦ នាខេត្តឈៀងម៉ៃ ប្រទេសថៃ។
អគ្គលេខាធិការសហព័ន្ធស្រូវ អង្ករកម្ពុជា លោក មូល សារិទ្ធី បានប្រាប់អង្គភាព Fresh News ថា អង្ករឆ្ងាញ់ជាងគេរបស់កម្ពុជា នឹងត្រូវចូលរួមប្រកួតជាមួយអង្ករនានានៅលើពិភពលោក ដើម្បីដណ្ដើមយកជ័យជំនៈ ជាអង្ករឆ្ងាញ់ជាងគេបំផុតរបស់ពិភពលោក ដែលប្រារព្ធឡើងនៅក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
អង្ករក្រអូបរបស់កម្ពុជាធ្លាប់បានជាប់ ជាអង្ករឆ្ងាញ់ជាងគេបំផុត របស់ពិភពលោក ៣ឆ្នាំជាប់ៗគ្នាគឺឆ្នាំ ២០១២, ២០១៣និង២០១៤។
ជាមួយគ្នានេះការប្រកួតប្រជែង ដែលនឹងរៀបចំឡើងនៅខែ វិច្ឆិកា ខាងមុខនេះលោកអគ្គលេខាធិការសហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា សហព័ន្ធស្រូវអង្ករបានត្រៀមខ្លួន រួចរាល់ហើយដើម្បីដាក់អង្ករ របស់កម្ពុជាទៅចូលរួមការ ប្រកួតប្រជែងលក្ខណៈពិភពលោកនេះ។លោកថា អង្ករដែលត្រូវប្រកួតប្រជែងគឺជាអង្ករក្រអូប ប៉ុន្ដែមិនទាន់ប្រាកដថាជាអង្ករផ្កាម្លិះ ផ្ការំដួល សែនក្រអូប ផ្កាខ្ញី នៅឡើយនោះទេ។
ជាមួយគ្នានេះដែរមន្ដ្រីសហព័ន្ធរូបនេះ ក៏បានអំពាវនាវឲ្យក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិករបស់សហព័ន្ធស្រូវ អង្ករកម្ពុជាដែលមានបំណងចង់ចូលរួមក្នុងវេទិការស្រូវ អង្ករពិភពលោកនៅខេត្តឈៀងម៉ៃប្រទេសថៃអាចចុះឈ្មោះតាមរយៈសហព័ន្ធដោយទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដូចជា ទទួលបានការបញ្ចុះ តម្លៃ ក្នុងការសូមសិទ្ធិចូលរួមជាដើម។
គួរបញ្ជាក់អង្ករក្រអូបរបស់កម្ពុជា ទទួលជ័យលាភីជាល្អជាងគេ របស់ពិភពលោក២ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២ ជាប់លេខ១ នៅបាលី ប្រទេសឥណ្ឌូណេស៊ី, ឆ្នាំ២០១៣ ជាប់លេខ១ទៀត នៅហុងកុងប្រទេសចិន និងឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលពេលនោះអង្ករកម្ពុជា និងថៃ បានលេខ១ដូចគ្នា៕