(ភ្នំពេញ)៖ ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព ពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤ នៅកីឡដ្ឋាន ស្មាត អរ អេស អិន (Smart RSN Stadium)។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំផ្នែកចំណុះ នៃយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ ព្រមទាំងគណៈប្រតិភូកីឡា ក្រុមការងារយុវជនគណបក្ស និងសាធារណៈជនចូលរួម ដោយសេរី នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

លោកបណ្ឌិត ណុប រតនៈ អនុប្រធានផ្នែកក្រសួង-ស្ថាប័ន និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានធ្វើរបាយការណ៍សង្ខេបនិងគូសបញ្ជាក់ថា ប្រកួតកីឡាបាល់ទាត់មិត្តភាព ពានរង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី១ ឆ្នាំ២០២៤ ជាគំនិតផ្តើចផ្តើមរបស់លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃ និងទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អនុញ្ញាតឱ្យផ្នែកក្រសួង-ស្ថាប័ន រៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះឡើង។

ព្រឹត្តិការណ៍ប្រកួតកីឡានេះ ធ្វើឡើងដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ និងរំលឹកដឹងគុណការដាក់ចេញ និងអនុវត្តនយោបាយឈ្នះឈ្នះដែលមានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងប្រថុយគ្រោះថ្នាក់ដល់អាយុជីវិត ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងបានបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមកទាំងស្រុង ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ននេះ។

ក្រុមកីឡាបាល់ទាត់មកពីផ្នែកចំណុះនៃយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័ន សរុបចំនួន ២២ក្រុម បានចូលរួមប្រកួតរៀងរាល់ថ្ងៃសៅរ ថ្ងៃអាទិត្យ មាន ៤៥ប្រកួត និងប្រើរយៈពេលចំនួន ២១សប្តាហ៍ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោនខាងក្រៅ និងទីលាន Smart RSN ខាងក្នុង ចាប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់មក លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត មានមតិសំណេះសំណាល និងបិទព្រឹត្តិការណ៍ប្រកួតកីឡា មានប្រសាសន៍ថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និងភាតរភាពជាអន្តរជាតិ។

ក្រោយដណ្តើមបានជ័យជន្នះក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិកម្ពុជាមួយចំនួនទៀត បានប្តូរផ្តាច់យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែកម្ពុជានៅមិនទាន់សង្គ្រោះបានទាំងស្រុងនោះឡើយ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ ហើយត្រូវបានសម្តេចធិបតី កំណត់យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីឆ្នាំ២០២៤តទៅ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានប្រគល់រង្វាន់ជូនក្រុមកីឡាករបាល់ទាត់យុវជនផ្នែកក្រសួង-ស្ថាប័ន ទទួលបានពាន់រង្វាន់លេខ១, និងក្រុមកីឡាករបាល់ទាត់យុវជនខុទ្ទកាល័យសម្តេចធិបតី ទទួលបានពាន់រង្វាន់លេខ២។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅបាន ដោយមានការសហការរៀបចំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ក្លឹបកីឡាបាល់ទាត់ភ្នំពេញក្រោន, ក្លឹបកីឡាបាល់ទាត់បឹងកេត, អ្នកឧបត្ថម្ភកម្មវិធីធំ មានទឹកស្ព្រីងប្រូវីដា, សហការឧបត្ថម្ភកម្មវិធីក្រុមហ៊ុនធានារ៉ាប់រង PEOPLE&PARTNERS, ធានាគារឯកទេសដូនពេញ, ក្រុមហ៊ុន អាយ អិន ជី ហូងឌីង, ទឹកភេសជ្ជៈប៉ូការីស្វេត, និងអ្នកសហការផ្សព្វផ្សាយស្ថានីយ៍ទូរទស្សន៍កងយោធពលខេរភូមិន្ទប៉ុស្តិ៍លេខ៥ និង ផលិតកម្ម អិលឌី (LD Picture Production)៕