(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអូវែង ឃុំមហាសាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការដោះស្រាយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានប្រកាសអំពាវនាវដល់ ម្ចាស់អាជីវកម្មដឹកជញ្ជូនដែលមានរថយន្តធន់ធំៗ ត្រូវផ្អាកការធ្វើដំណើរតាមផ្លូវជាតិលេខ៤ មួយរយៈពេលខ្លីសិន ដោយសារតែចំណុចផ្លូវខាងលើនេះ ទទួលរងនូវជំនន់ទឹកភ្លៀងហូរកាត់ ដែលអាចបង្កឱ្យមានការខូចខាត និងគ្រោះថ្នាក់ផ្សេងៗ។
សូមជម្រាបថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើ ត្រូវបានផ្អាកចរាចរណ៍ចំពោះរថយន្តធំ ជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ ដោយសារស្ថានភាពទឹកជំនន់ នៅតែហូរកាត់ខ្លាំងមិនទាន់ស្ងប់នៅឡើយ ហើយកម្លាំងអាវុធហត្ថ បានដាក់ការពារសុវត្តិភាពជូនម្ចាស់រថយន្ត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង ម៉្យាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ៕