(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងកម្មវិធីអប់រំរបស់ខ្មែរ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានជំរុញថា ជនជាតិខ្មែរ ត្រូវតែរៀនភាសាខ្មែរ។
ការប្រកាសរបស់សម្តេចមហាបវរធិបតី ក៏បានធ្វើឡើងបន្ទាប់ពីមានចលនារបស់ក្រុមប្រឆាំង ផ្សព្វផ្សាយបំភ្លៃថា ភាសាវៀតណាម ត្រូវបានបញ្ចូលនៅក្នុងប្រព័ន្ធអប់រំជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុន (ក្រុមប្រឆាំង) ទៅស្រែកថា ក្រសួងអប់រំ ដាក់បញ្ចូលភាសាវៀតណាម ទៅក្នុងប្រព័ន្ធ (អប់រំ) គេថាជាភាសាជាតិ។ អត់មានទេ ខ្ញុំសូមបញ្ជាក់ថា ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា»។
បើតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានដាក់គោលនយោបាយពង្រឹងភាសាខ្មែរតាំងពីថ្នាក់បឋម។ សម្តេច ក៏បង្ហាញមោទនភាព ដែលភាសាខ្មែរពីមុនមានតែតាមសិលាចារឹក សាស្ត្រាស្លឹករឹត តែឥលូវមាននៅលើក្តារចុច និងតាម Google ផងដែរ ដែលសម្តេចចាត់ទុកថា នេះហើយជាការរក្សាភាសាខ្មែរ និងលើកតម្លៃភាសាខ្មែរ។
នេះមិនមែនជាលើកទី១ នោះទេ ដែលសម្ដេចនាយករដ្ឋមន្ត្រី ប្រកាសពីមោទនភាព និងការលើកតម្លៃភាសាខ្មែរ។ សម្តេចមហាបវរធិបតី ថែមទាំងធ្លាប់ជំរុញឲ្យពង្រឹងការសិក្សាមុខវិជ្ជាភាសាខ្មែរ សម្រាប់សិស្សានុសិស្ស តាំងពីនៅថ្នាក់បឋមសិក្សា ដោយអាណត្តិដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងជំរុញពង្រឹងបឋមសិក្សាឲ្យកាន់តែរឹងមាំ ដើម្បីឈានទៅកម្រិតផ្សេងទៀត។
យោងតាមការថ្លែង នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ពីខេត្តកំពង់ឆ្នាំងកន្លងទៅ សម្តេចក៏ចង់ឃើញសិស្សសាលា ត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌ ផងដែរ។
កន្លងទៅរាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។ លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ជាដើម។
ក្រសួងអប់រំ បាននិងកំពុងពង្រឹង គុណភាពនៃការអប់រំកម្រិតបឋមសិក្សាតាមរយៈ៖ ១. ការលើកកម្ពស់អំណានដំបូង ២. គណិតវិទ្យាថ្នាក់ដំបូង, ៣. បង្កើនចំនួនគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣, និង ៤. បង្កើត «សាលាគំរូ អំណាននិងគណិតថ្នាក់ដំបូង»៕