Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនជួញដូរគ្រឿងញៀនម្នាក់ ជាមួយថ្នាំញៀនជាង១៤ម៉ឺនគ្រាប់

16-10-2016 09:11

(ព្រះវិហារ)៖ កម្លាំងការិយាល័យកណ្តាលប្រឆាំងបទល្មើស សហការជាមួយការិយាល័យចរាចរផ្លូវគោក និងការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការរដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះអន្តរាគមន៍ បង្ក្រាបសកម្មភាពដឹកជញ្ជូន និងជួញដូរគ្រឿងញៀនមួយ ត្រង់ចំណុចគោលដៅត្រួតពិនិត្យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដកហូតថ្នាំញៀន ១៤៤,០០០គ្រាប់។

សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើ ធ្វើឡើងនៅម៉ោង១០៖៣៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ គង់ វិច អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងដកហូតវត្ថុតាងមួយចំនួន មានថ្នាំមេតំហ្វេតាមីនពណ៌ផ្កាឈូក ចំនួន១៤៤,០០០គ្រាប់ និងរថយន្ត Camry ១គ្រឿង។

សមត្ថកិច្ចបានបន្តថា ក្រោយពីឃាត់ខ្លួន និងដកហូតវត្ថុតាងខាងលើ កម្លាំងបានបញ្ជូនជនសង្ស័យទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមនីតិវិធីច្បាប់បន្ត៕