(ភ្នំពេញ)៖ សម្តីញុះញង់របស់ទណ្ឌិត សម រង្ស៊ី លើករណីបោកប្រាស់មនោសញ្ចេតនាជាតិជ្រុលនិយម តាមរយៈការចោទប្រកាន់ការបាត់បង់ទឹកដីខ្មែរទៅប្រទេសដទៃ បានធ្វើឱ្យគេនឹកឃើញដល់ល្បិចកលដូចគ្នានេះ ធ្លាប់កើតឡើងក្នុងប្រទេសមួយចំនួន ដូចជានៅប្រទេសអាល្លឺម៉ង់ នៅអតីតប្រទេសយូហ្គោស្លាវី នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសមួយចំនួនទៀតផងដែរ។
ល្បិចកលបោកប្រាស់មនោសញ្ចេតនាជាតិជ្រុលនិយមនេះ គឺជាល្បិចកលប្រកបដោយគ្រោះថ្នាក់បំផុត ប្រសិនណាបើពលរដ្ឋមិនបានសិក្សាអំពីភូមិសាស្ត្រនិងនយោបាយរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានការវែកញែក និងវិភាគដោយផ្អែកលើចំណេះដឹងពិតប្រាកដនោះទេ។ Fresh Exclusive មានអត្ថបទស្រាវជ្រាវនិងស៊ីជម្រៅមួយនិយាយអំពីបញ្ហានេះ ដូច្នេះដើម្បីដឹងថាតើមានប្រទេសដទៃណាខ្លះ ធ្លាប់ជួបបញ្ហានេះ? ហើយតើការដោះស្រាយរបស់ប្រទេសទាំងនោះមានអ្វីខ្លះ?
ប្រវត្តិសាស្ត្ររបស់ពិភពលោក បានបង្ហាញនូវឧទាហរណ៍នៃមេដឹកនាំបក្សប្រឆាំង ឬឥស្សរជននយោបាយមួយចំនួន ដែលប្រើប្រាស់មនោសញ្ចេតនាជាតិជ្រុលនិយម ដើម្បីញុះញង់ឱ្យមានអំពើចលាចល ឬចង់បង្កើតសង្គ្រាមស៊ីវិលនៅក្នុងប្រទេសរបស់ខ្លួន។ ប្រវត្តិសាស្ត្រនៅ តាមប្រទេសក្នុងពិភពលោក បានសរសេរកត់ត្រានូវឈ្មោះមេដឹកនាំអាស្រូវនានា ដែលប្រើប្រាស់វិធីបោកបញ្ឆោតនេះ ក្នុងនោះក៏រួមមានឈ្មោះ អតីតមេដឹកនាំខ្មែរផងដែរដូចជាឈ្មោះ លន់ នល់, ប៉ុលពត និងឈ្មោះ សម រង្ស៊ី នោះជាដើម។
ករណីប្រើប្រាស់មនោសញ្ចេតនាជាតិជ្រុលនិយម ដើម្បីប្រជាប្រីយភាពនយោបាយរបស់ខ្លួន ដោយមិនគិតពីផលវិបាករបស់ជាតិនោះជាធម្មតា ច្រើនតែកើតឡើងក្នុងប្រទេសដែលមានចរន្តនយោបាយ ឬសេដ្ឋកិច្ចផុយស្រួយ ពីព្រោះចលនាជាតិនិយម បូកផ្សំនឹងស្ថានភាពប្រឈមភាពផុយស្រួយទាំងនោះ នឹងងាយស្រួលនាំប្រទេសទាំងនោះអាចធ្លាក់ចូលក្នុងវិបត្តិចលាចលជាខ្លាំងណាស់។
ប៉ុន្តែនៅកម្ពុជានេះវិញ មានការដាក់សំណួរខ្លះចង់ដឹងថាតើការប្រើប្រាស់មនោសញ្ចេតនាជាតិជ្រុលនិយម របស់ទណ្ឌិត សម រង្ស៊ី ក្នុងបរិបទដែលប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាមជាក់ស្តែង និងទើបបានពន្លត់ភ្លើងសង្គ្រាមស៊ីវិលវិញ រយៈពេល២៦ឆ្នាំរួចមកនេះ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យដំណើរសេដ្ឋកិច្ចជាតិនិងស្ថិរភាពជាតិ បានរឹងមាំរួចមកហើយនោះ តើល្បិចកលដដែលៗនេះ នឹងអាចធ្វើឱ្យប្រទេសកម្ពុជា អាចនឹងធ្លាក់ចូលក្នុងភាពចលាចល ឬរងនឹងសង្គ្រាមសាជាថ្មីវិញបានដែរឬទេ?
ទណ្ឌិត សម រង្ស៊ី វេលាចុងក្រោយនេះទៀត ជាមួយនឹងការប្រើឧបាយកលដដែលៗ ដែលជាល្បិចចង់បោកប្រាស់នូវមនោសញ្ចេតនាជាតិជ្រុលនិយម បានបំផុសការចោទប្រកាន់ អំពីការបាត់បង់កោះគុតទៅឱ្យប្រទេសថៃ ដែលការចោទប្រកាន់ថ្មីនេះ គឺនៅបន្ទាប់ពីការចោទប្រកាន់ការបាត់បង់ដីក្នុងតំបន់ CLV-DTA ទៅវៀតណាមនោះ មិនបានទទួលលទ្ធផលគាំទ្រពីប្រជាជនខ្មែរឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២៤ នាពិធីមួយខេត្តកំពង់ចាម ដែលប្រកាសការបញ្ចប់វាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី បានចាត់ទុកការនិយាយចោទប្រកាន់នោះ គឺជានយោបាយប្រជាភិថុតរបស់ក្រុមប្រឆាំងដែលជាក្រុមទំនេរគ្មានការងារធ្វើ ក្រៅតែពីការប្រើសម្តីដុតបញ្ឆេះកំហឹងប្រជាជន និងសម្តេចបានថ្លែងថា រាជរដ្ឋាភិបាលពីមួយថ្ងៃទៅមួយថ្ងៃ តែងជាប់រវល់ជាខ្លាំងក្នុងការអនុវត្ត កិច្ចការងារជួយលើកកម្ពស់ជីវភាពប្រជាជន និងគ្មានពេលទំនេរទៅបង្កើតរឿងដែលគ្មានប្រយោជន៍តាមបណ្តាញសង្គមឡើយ៖
«រដ្ឋាភិបាលគ្មានពេលមួយថ្ងៃៗទៅអង្គុយ និយាយប៉ែឡែតាមហ្វេកប៊ុកនោះទេ តែយើងធ្វើផ្ទាល់រឿងទឹកដីដូចគ្នា។ ប្រជាពលរដ្ឋ អ៊ុំ ពូ មីង ប្អូនជឿទុកចិត្តចុះ រឿងការពារទឹកដី យើងធ្លាប់លើកទ័ព សម្តេចតេជោធ្លាប់លើកកងទ័ពដើម្បីការពារទឹកដីរបស់យើងមិនឱ្យបាត់មួយមីលីម៉ែត្រ យើងការពារអ្វីដែលយើងនៅសល់ក្នុងភាពស្របច្បាប់របស់យើង កន្លែងណាមិនទាន់ច្បាស់លាស់យើងនៅធ្វើចុះបញ្ជី ចរចារព្រំដែនដើម្បីផលប្រយោជន៍របស់យើង យើងមិនឱ្យបាត់ទេ ។ អញ្ចឹងសូមឱ្យជឿទុកចិត្តចុះ ទោះជាយើងមួយថ្ងៃៗ មិននៅអង្គុយរឿងកោះគុត មិនអង្គុយរឿង CLV អ្នកក្រៅនោះគាត់មួយថ្ងៃៗគាត់សម្បូរពេល មួយថ្ងៃៗដើរតែដុត ដើរតែលើក ធ្វើម៉េចឱ្យប្រជាជនក្តៅក្រហាយជាមួយរាជរដ្ឋាភិបាល ឱ្យប្រជាជនយល់ច្រឡំ ដើម្បីបំផុសតែរដ្ឋាភិបាលអត់លេងល្បែងហ្នឹងទេ។ រដ្ឋាភិបាលគ្មានពេលទៅអង្គុយឆ្លើយតបលេងល្បែងនោះទេ»។
• តើក្នុងពិភពលោកនេះ មានមេដឹកនាំណាខ្លះដែលប្រើប្រាស់នយោបាយនយោបាយប្រជាភិថុត លើបញ្ហាបាត់បង់ទឹកដី?
ការប្រើប្រាស់នយោបាយប្រជាភិថុត ជុំវិញការបាត់បង់ទឹកដី ដើម្បីការទាក់ទាញដុតបញ្ឆេះកំហឹងជាតិជ្រុលនិយម គឺជាល្បិចកលមួយដែលអ្នកនយោបាយមួយចំនួនធ្លាប់បានប្រើប្រាស់។ ខាងក្រោមនេះ គឺជាឧទាហរណ៍ដែលកើតឡើងខ្លះ នៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោក ដោយអ្នកនយោបាយប្រឆាំងប្រើប្រាស់នូវមនោសញ្ចេតនាជាតិជ្រុលនិយម តាមរយៈការចោទប្រកាន់បាត់បង់ទឹកដី ដើម្បីធ្វើជាឧបករណ៍ ស្វែងរកការជំរុញគាំទ្រសាធារណៈ និងរបៀបអ្វីខ្លះដែលប្រទេសជួបប្រទះ ត្រូវបានដោះស្រាយមកវិញ?
១៖ Adolf Hitler និងសន្ធិសញ្ញា Versailles (អាល្លឺម៉ង់ ឆ្នាំ ១៩២០-១៩៣០)
បន្ទាប់ពីសង្គ្រាមលោកលើកទីមួយ សន្ធិសញ្ញា Versailles បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើប្រទេសអាល្លឺម៉ង់ រួមទាំងការបាត់បង់ទឹកដី ការរឹតបន្តឹងផ្នែកយោធានិងសំណង។ មេដឹកនាំលោក អាដុល ហ៊ីត្លែរ ខណៈពេលដែលដំបូងឡើយ លោកគឺជាឥស្សរជននយោបាយមួយរូបនោះ បានបង្ហាញនូវកំហឹងជាតិនិយម ដោយអះអាងថា សន្ធិសញ្ញា Versailles នោះ បានធ្វើឱ្យប្រទេសអាល្លឺម៉ង់ រងអាម៉ាស់មុខជាខ្លាំង។
វោហាសាស្ត្ររបស់លោក ហ៊ីត្លែរ ពេលនោះ បានជួយរួមចំណែកដល់ការរុញរូបគាត់ឱ្យឡើងកាន់អំណាច ហើយទីបំផុតភាពស្រវឹងនៃអំណាច បាននាំទៅដល់ការកើតឡើងជាសង្គ្រាមលោកលើកទីពីរ។ នៅទីបំផុតលោក ហ៊ីត្លែរ បានចាញ់សង្គ្រាម។ ដំណោះស្រាយជាសកល ដើម្បីធ្វើការរារាំងនូវជម្លោះសកលកើតឡើងទៀតនោះ គឺរួមមានកិច្ចប្រឹងប្រែងកសាងឡើងវិញនៅក្រោយសង្គ្រាម ដូចជាផែនការ Marshall និងការបង្កើតអង្គការសហប្រជាជាតិជាដើម ដើម្បីការបង្កាជម្លោះនាពេលអនាគត។ ទង្វើរបស់ សម រង្ស៊ី ដែលកំពុងបំផុសកំហឹងជាតិជ្រុលនិយម គឺមានលក្ខណៈដូចគ្នានឹងអ្វីដែលលោក ហ៊ីត្លែរ ធ្លាប់បានធ្វើនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនាំឱ្យមានកើតសង្គ្រាមលោកលើកទី២។
២៖ លោក Slobodan Milošević និងជាតិនិយមស៊ែប៊ី ក្នុងអតីតប្រទេសយូហ្គោស្លាវី ឆ្នាំ១៩៨០-១៩៩០
លោក Milošević ក្នុងនាមជាមេដឹកនាំជនជាតិស៊ែប៊ី បានបង្កើតនូវមនោសញ្ចេតនាជាតិនិយមក្នុងចំណោមជនជាតិស៊ែប៊ី ដោយលោកនិយាយលាបពណ៌ថា ក្រុមជនជាតិភាគតិចផ្សេងៗ គឺជាគ្រោះគម្រាមកំហែង។ សម្តីបញ្ឆេះឱ្យមានភាពតានតឹង ប្រឆាំងនឹងជនជាតិភាគតិចនេះ បានបង្កើតនូវភាពធ្ងន់ធ្ងរ នាំឱ្យមានកើតសង្គ្រាមនៅយូហ្គោស្លាវី និងការបោសសម្អាតជនជាតិភាគតិច។ សង្រ្គាមនៅយូហ្គោស្លាវី ក្រោយមកបានបញ្ចប់តាមរយៈការជួយអន្តរាគមន៍ពីអន្តរជាតិ រួមទាំងសកម្មភាពយោធារបស់ណាតូ, កិច្ចព្រមព្រៀងសន្តិភាព ដូចជាកិច្ចព្រមព្រៀង Dayton និងការរំលាយយូហ្គោស្លាវីជាចុងក្រោយ ទៅជាប្រទេសតូចៗ។
ក្រោយមកលោក Milošević ដែលប្រឈមនឹងការចោទប្រកាន់ការសម្លាប់មនុស្ស ២៥០,០០០នាក់ក្រោមការគ្រប់គ្រងរបស់លោក ត្រូវបានគេកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅតុលាការក្នុងទីក្រុងឡាអេ។ សកម្មភាពរបស់ សម រង្ស៊ី ដែលនិយាយញុះញង់ឱ្យមានភាពរើសអើងរវាងជនជាតិខ្មែរជាមួយ នឹងសាសន៍ដទៃនៅក្នុងស្រុកដោយចោទថាពួកគេគឺជាគ្រោះគម្រាមកំហែងដល់អនាគតនៃប្រទេសកម្ពុជានោះ គឺមិនខុសគ្នានឹងទង្វើរបស់លោក Slobodan Milošević ឡើយ។
៣៖ លោក Enoch Powell និងករណីចំណាកស្រុកក្នុងប្រទេសអង់គ្លេស ក្នុងឆ្នាំ១៩៦៨ / Enoch Powell Immigration in the UK (1968)
លោក Powell ដែលជាអ្នកនយោបាយជនជាតិអង់គ្លេសម្នាក់ បានបង្កឱ្យមានអំពើហិង្សាលើករណីអ្នកចំណាកស្រុក ដោយសារតែសុន្ទរកថាដ៏ល្បីល្បាញមួយឈ្មោះ «Rivers of Blood» ។ សុន្ទរកថារបស់លោក បាននិយាយព្រមានអំពីការដួលរលំនៃសង្គម ដោយសារតែរឿងអន្តោប្រវេសន៍។ វោហាសាស្ត្ររបស់លោក បានដក់ជាប់នូវមនោសញ្ចេតនាជាតិនិយម និងប្រឆាំងនឹងជនអន្តោប្រវេសន៍ ដែលលោកចោទថា ពួកគេនាំឱ្យមានភាពចលាចលក្នុងសង្គម។
សុន្ទរកថា «Rivers of Blood» នោះហើយ បាននាំឱ្យអំពើហិង្សាប្រឆាំងក្រុមអន្តោប្រវេសន៍ប៉ាគីស្ថាន និងក្រុមអន្តោប្រវេសន៍នានាពីអាស៊ីខាងត្បូង ដែលបានមករស់នៅក្នុងប្រទេសអង់គ្លេស។ លោក Powell ត្រូវបានដកចេញពីនយោបាយចរន្ត។ ចក្រភពអង់គ្លេសបានដោះស្រាយកង្វល់ផ្នែកអន្តោប្រវេសន៍តាមរយៈការជជែកពិភាក្សាគ្នាតាមនីតិប្បញ្ញត្តិ ទោះបីជាការបែកបាក់គ្នាជុំវិញអន្តោប្រវេសន៍នោះ នៅតែបន្តមានក៏ដោយ។
៤៖ លោកស្រី Aung San Suu Kyi និងវិបត្តិរ៉ូហ៊ីងយ៉ា ក្នុងប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១០
ក្នុងពេលកំពុងធ្វើនយោបាយប្រឆាំង លោកស្រី អ៊ុងសាន ស៊ូជី បានអំពាវនាវដល់ក្រុមជាតិនិយមភូមា ដើម្បីការងើបឡើងប្រជែងនឹងរបបយោធា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលោកស្រីឡើងកាន់អំណាច ភាពស្ទាក់ស្ទើររបស់លោកស្រីក្នុងការថ្កោលទោសការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបានរងការចោទប្រកាន់ថា លោកស្រីបានប្រើមនោសញ្ចេតនាជាតិនិយម ដើម្បីបង្រួបបង្រួមការគាំទ្រតែក្នុងរង្វង់ចំណោមពលរដ្ឋ ភាគច្រើនដែលកាន់លទ្ធិព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។
បញ្ហានោះ នៅមិនទាន់ដោះស្រាយបាននៅឡើយទេ ក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ា មានសម្ពាធនិងទណ្ឌកម្មអន្តរជាតិ ដោយសារតែមិនអាចនាំមក នូវដំណោះស្រាយជាទីពេញចិត្តរបស់ពួកគេ។ លោកស្រី អ៊ុងសាន ស៊ូជី ក្រោយមកត្រូវបានក្រុមយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំ និងបច្ចុប្បន្នស្ថានការណ៍នៅក្នុងប្រ ទេសមីយ៉ាន់ម៉ា នោះនៅតែបង្កការឈឺក្បាលដល់ប្រទេសក្នុងតំបន់និងពិភពលោក។
៥៖ ករណីសេនាប្រមុខ លន់ នល់ នៃប្រទេសកម្ពុជា និងការសម្លាប់ជនជាតិវៀតណាម រវាងពីឆ្នាំ១៩៧០ ដល់ខែមេសា ឆ្នាំ១៩៧៥
សម្តីបង្កភាពញុះញង់ចោទប្រកាន់ថា មានការកាត់ទឹកដីនិងលក់ទឹកដីខ្មែរឱ្យវៀតណាម ដោយលោកលន់ នល់ និងក្រុមគាំទ្រ បានជម្រុញឱ្យការផ្តួលរំលំរបបដឹកនាំសង្គមរាស្តនិយម របស់អតីតព្រះប្រមុខរដ្ឋ នរោត្តម សីហនុ។ ការប្រើប្រាស់វោហាសាស្ត្រចាក់ចុចចោទថា អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ កាត់ទឹកដីនិងលក់ទឹកដីខ្មែរ ឱ្យយួនយៀងកុង យៀកណាមខាងជើងនោះ បាននាំឱ្យមានអំពើហិង្សាដុតស្ថានទូតវៀតណាម, ការវាយប្រហារអគារនិងមជ្ឈមណ្ឌលវៀតណាម និងកន្លែងធ្វើពាណិជ្ជកម្មវៀតណាមក្នុងក្រុងភ្នំពេញ។
សេចក្តីរាយការណ៍ បាននិយាយថាក៏មានអំពើហិង្សាសម្លាប់វៀតណាមថែមទៀតដោយសារតែវោហាសាស្ត្រញុះញង់នោះ។ សង្គ្រាមស៊ីវិលក្នុងស្រុក បានកើតឡើង និងក្រោយមកបានរុញកម្ពុជាធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម និងសង្គ្រាមក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បានបន្តរយៈពេល ១១ឆ្នាំបន្ថែមទៀត ដោយបណ្តាលឱ្យជីវិតពលរដ្ឋខ្មែរកាន់តែស្លាប់ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្ទេចខ្ទាំ។ សង្គ្រាមស៊ីវិល បានបន្តឆាបឆេះ នៅក្រោយការដកចេញបេសកកម្ម UNTAC ប៉ុន្តែត្រូវបានរលត់អស់ទាំងស្រុងក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិទាំងមូល បានទទួលសន្តិភាពពិតប្រាកដនិងការឯកភាពទឹកដីទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមហិច្ឆតានយោបាយគ្រប់គ្រងប្រទេសកម្ពុជា និងដើម្បីនយោបាយសងសឹកបុគ្គល, សម រង្ស៊ី ដែលគេបានដាក់ឈ្មោះមេដឹកនាំនៃត្រកូលក្បត់ជាតិបីជំនាន់ បានប្រើប្រាស់វិធីបោកប្រាស់មនោសញ្ចេតនាជាតិជ្រុលនិយម តាមរយៈការចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារនៃវង្សត្រកូលរបស់សម្តេចទាំងអស់ គឺជាអ្នកធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ឱ្យប្រទេសវៀតណាម និងចុងក្រោយចោទថាបាត់បង់ឱ្យទៅប្រទេសថៃថែមទៀត។ នេះជាសម្តីចោទប្រកាន់ដែលគ្មានការពិត និងគ្មានមូលដ្ឋានអ្វីមកសម្អាងទាំងអស់។
ប្រទេសកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ ទើបនឹងមានសន្តិភាពពិតប្រាកដរយៈពេល ២៦ឆ្នាំចុងក្រោយនេះទេ។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលកសាងប្រទេស រាជរដ្ឋាភិបាលកម្ពុជា ក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ថា នឹងមិនឱ្យទឹកដីរបស់កម្ពុជាបាត់បង់ ឬរបេះសូម្បីតែមួយចង្អាម ដល់ប្រទេសដទៃឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍កាលពីខែវិច្ឆិកា ឆ្នាំ០២៤ បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈការវាស់វែងចុងក្រោយនៅក្នុងឆ្នាំ២០១២ ទំហំទឹកដីកម្ពុជា ត្រូវបានរកឃើញថាមានធំជាង ១៨១,០៣៥គីឡូម៉ែត្រក្រឡាទៅទៀត៖
«ខ្ញុំឃើញក្រោយពីយើងវាស់វែង នេះមិនទាន់រាប់បញ្ចូលទាំងដីកោះ ឬដីអ្វីផង។ មានបង ប្អូនខ្លះ ទៅសាក់នៅលើខ្នងនូវទំហំទឹកដី ១៨១,០៣៥គីឡូម៉ែត្រក្រឡា។ តើមានអ្នកសាក់ទេ? ប្រយ័ត្នត្រូវដូរណា? ពីព្រោះយើងវាស់គ្រាន់តែនៅក្នុងឆ្នាំ២០១២ ផ្ទៃក្រឡាដីរបស់យើងឡើងដល់ ១៨១,៤៣៦គីឡូម៉ែត្រក្រឡា នោះមិនទាន់វាស់កោះផង។ មិនមែនបាត់ក្រោម ១៨១,០៣៥គីឡូម៉ែត្រក្រឡានោះទេ គ្រាន់តែយើងវាស់សាកល្បង ប្រើបច្ចេកវិទ្យា GPS ថ្មី និងតាមអ្វីដែលយើងបានឯកភាពគ្នាមកដល់ម៉ោងនេះ ដោយមិនទាន់រាប់ដីកោះរបស់យើងផង ទំហំដីមាន ១៨១,៤៣៦គីឡូម៉ែត្រក្រឡាទៅហើយ កើនជាង ៤០០ ឬ៣០០គីឡូម៉ែត្រក្រឡាទៅហើយ។
អញ្ចឹងអ្នកដែលទៅសាក់ ១៨១,០៣៥បន្តិចទៀតគួរតែទៅដូរទៅ។ ចាំយើងចរចា មិនឱ្យបាត់ក្រោម១៨១,៤៣៦គីឡូម៉ែត្រក្រឡានោះទេ។ ឯកសារនេះ អត់លាក់លៀមទេ សម្តេចតេជោ បានបង្ហោះហើយ Copy រាប់ពាន់សន្លឹកចែក នៅពេលដែលសម្តេចបានបកស្រាយនៅរដ្ឋសភារយៈពេល៥ម៉ោងនោះ។ ខ្ញុំឃើញគេរុញ CLV-DTA ១៨១,០៣៥ ប៉ុន្តែយើងមិនទាន់ប្រកាសជាផ្លូវការ មូលហេតុអ្វី គឺដោយសារតែយើងនៅចរចាព្រំដែនទឹក ព្រំដែនអ្វីបន្ថែមទៀត មានកោះ មានអ្វីផ្សេងៗ។
អញ្ខឹងចាប់តាំងពី ឆ្នាំ២០១២នោះមក វាលើស ១៨១,០៣៥គីឡូម៉ែត្រក្រឡាទៅហើយ។ នេះគឺជាការពិត ហើយវាគ្មានអ្វីជាការលាក់លៀមទេ។ សូរថានៅពេលដែលយើងទៅចរចា និងដោះស្រាយបានប៉ុណ្ណឹង សួរថាតើយើងមានទៅទូងស្គរ តាមហ្វេសប៊ុក តតាំងដែរឬទេ? អត់ទេ។ យើងប្រកាន់អភិក្រម ចាស់ទុំ។ គោលការណ៍ច្បាស់លាស់ ការពារបានដាច់ខាតនូវផលប្រយោជន៍ជាតិ អធិបតេយ្យជាតិ ទឹកដី ដោះស្រាយបញ្ហាបន្សល់ទុករាប់រយឆ្នាំដើម្បីឱ្យចប់ប្រកបដោយស្មារតីទទួលខុសត្រូវ មិនឱ្យបាត់បង់ទឹកដីនិងអធិបតេយ្យភាពជាតិរបស់យើង…ធ្វើយ៉ាងណាផល ប្រយោជន៍ជាតិយើង បានអតិបរមា។ នេះជាគោលការណ៍របស់យើង។ វាមិនចាំបាច់ស្រែក ធ្វើមួយជំហាន ប្រកាសឡូងៗតាមហ្វេសប៊ុក តាមអ្វីនោះទេ»។
ពលរដ្ឋខ្មែរ មិនត្រូវជឿលើសម្តីញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដែលចង់នាំប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមតាមរយៈការដុតកំហឹងជាតិសាសន៍ និងការចោទប្រកាន់បាត់បង់ទឹកដីខ្មែរឡើយ។ កម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការពីប្រទេសជាមិត្តជិតខាង រួមសុខ រួមទុក្ខ និងការកសាងព្រំដែន ជាព្រំដែនមិត្តភាពនិងសហប្រតិបត្តិការ។
ទណ្ឌិត សម រង្ស៊ី ត្រូវរៀនយល់ថា បើសិនជាប្រទេសជិតខាងគ្នា មានការភ័ន្តច្រឡំណាមួយកើតឡើងនោះដំណោះស្រាយរវាងប្រទេសនិងប្រទេស គេនឹងមិនធ្វើតាមរយៈ«កំហឹងទល់នឹងកំហល់» ដូចអ្វីដែល សម រង្ស៊ី ចង់រុញជាតិខ្មែរឱ្យធ្លាក់ក្នុងជ្រោះសង្គ្រាមឡើយ។ កម្ពុជា មានយន្តការដោះស្រាយគ្នាជាមួយប្រទេសជិតខាងតាមរបៀបទ្វេភាគី និងតាមយន្តការដទៃទៀត ដែលកម្ពុជានិងប្រទេសជិតខាងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា។
ទណ្ឌិត សម រង្ស៊ី មិនអាចប្រើប្រាស់ការបំបែកកម្ពុជា និងប្រទេសជិតខាង ដើម្បីឱ្យឈ្លោះប្រកែកគ្នា ឬប្រើវិធីបោកប្រាស់មនោសញ្ចេតនាជាតិជ្រុលនិយម ដើម្បីរកការផ្ទុះឡើងនូវឈ្នួន បដិវត្តន៍ពណ៌នោះឡើយ។ ប្រជាជនកម្ពុជា ស្គាល់ហើយនូវល្បិចគំរក់ដដែលៗដើម្បីតែចង់នាំកម្ពុជា ដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីវិញនោះ។
ចំពោះប្រជាជនកម្ពុជាវិញ ដើម្បីរក្សាប្រទេសធ្វើដំណើរទៅមុខស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់ខ្លួន ម្នាក់ៗចាំបាច់ត្រូវតែរក្សាវត្ថុសំខាន់តែមួយគត់នោះគឺការទ្រទ្រង់សន្តិភាពជានិច្ចនិរន្តន៍ ពីព្រោះការរក្សាសន្តិភាពស្ថិតស្ថិរ គឺជាការសម្លាប់នយោបាយបំផ្លាញជាតិរបស់ សម រង្ស៊ី ទាំងស្រុងហើយ។ អរគុណការរួមគ្នាថែរក្សាសន្តិភាព៕