(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ដួចផ្ដើមធ្វើនូវគម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ - Cyber Security Awareness Month» ដែលជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ។

ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ធនាគារចល័ត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានជួយជំរុញយ៉ាងឆាប់រហ័សនូវការវិវត្ត នៃប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅរកសង្គមឌីជីថល។ ខណៈពេលដែលវឌ្ឍនភាពឌីជីថលនេះ នាំមកនូវអត្ថប្រយោជន៍ជាច្រើន វាក៏បានពង្រីកហានិភ័យនៃសុវត្ថិភាព លើប្រព័ន្ធអ៊ីនធឺណិតផងដែរ។

ក្រសួងបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជា មានការកើនឡើង ប៉ុន្តែចំណេះដឹងពីសុវត្ថិភាពសន្តិសុខសាយប័រ នៅមិនទាន់ទូលំទូលាយ នៅឡើយ ដែលនាំឱ្យកម្រិតហានិភ័យនៃការរងគ្រោះស្ថិតក្នុងលំដាប់ខ្ពស់ និងមិនអាចឆ្លើយតបបានទាន់ពេលវេលានៅពេលមានឧប្បត្តិហេតុណាមួយកើតឡើង។

ហានិភ័យទាំងនោះ រួមមានការបោកបញ្ឆោតអនឡាញ ការផ្ញើតំណភ្ជាប់ក្លែងបន្លំ ការជ្រៀតចូលនៃមេរោគ ការលួចអត្តសញ្ញាណ និងការលួចព័ត៌មានទិន្នន័យជាដើម។ ស្ថាប័នរដ្ឋស្ថាប័នឯកជន និងសាធារណជនទូទៅ សុទ្ធតែអាចប្រឈមមុខនឹងហានិភ័យ ក្នុងលំហសាយប័រ ដែលកំពុងលេចឡើងទាំងអស់នេះ។

ក្នុងន័យនេះ គម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» មានគោលបំណងសំខាន់ៗ ៤រួមមាន៖

១៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគំរាមកំហែង និងសុវត្ថិភាពតាមអ៊ីនធឺណែត ដល់អ្នកប្រើប្រាស់បណ្តាញសង្គម យ៉ាងហោចណាស់ចំនួន៥០,០០០នាក់ តាមរយៈការផ្សព្វផ្សាយខិតបណ្ណព័ត៌មានឌីជីថល និងវីដេអូអប់រំខ្លីតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ក.ប.ទ។

២៖ បង្កើនការយល់ដឹងដល់និស្សិតចំនួន ២៥០នាក់ ទាក់ទងទៅនឹងឯកជនភាពនៃទិន្នន័យ តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលា នៅតាមគ្រឹះស្ថានសិក្សាចំនួន៥ ដូចជាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

៣៖ ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អ្នកចូលរួមចំនួន ៣០០-៤០០ តាមរយៈវេទិកាស្ដីពីសន្តិសុខសាយប័រ ទាក់ទងនឹងការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និង

៤៖ ជំរុញ លើកទឹកចិត្ត និងបង្កើតទម្លាប់ដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់លើសន្ដិសុខឌីជីថល និងប្រើប្រាស់អ៊ីនធឺណែតប្រកបដោយទំនួលខុសត្រូវ។

គម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» ក៏ជាការចូលរួមគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងនោះការផ្តោតលើការធានា ឱ្យមានសុវត្ថិភាព និងនិរន្តភាពនៃសន្តិសុខឌីជីថល គឺជាសកម្មភាពអាទិភាពយ៉ាងសំខាន់មួយ ក្នុងការចូលរួមជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ប្រកបដោយប្រសិទ្ធភាព គុណភាព និងបរិយាបន្ន។

គម្រោងនេះ បានដាក់ចេញនូវផែនការសកម្មភាពជាច្រើន ដូចជា៖ ការផ្សព្វផ្សាយតាមបណ្តាញឌីជីថល ការរៀបចំសិក្ខាសាលានៅតាមគ្រឹះស្ថានសិក្សា យុទ្ធនាការផ្សព្វផ្សាយ តាមរយៈវេទិកា ស្ដីពីសន្តិសុខសាយប័រសម្រាប់យុវជន (Cybersecurity Youth Forum) រួមទាំងការរៀបចំកិច្ចពិភាក្សាស្ដីពី សន្តិសុខសាយប័រ នៅក្នុងយុគសម័យសង្គមអេឡិចត្រូនិក និងការបណ្ដុះទម្លាប់ក្នុងការរក្សាសុវត្ថិភាពតាមអនឡាញ ដែលបានរៀបចំឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានអ្នកចូលរួមជាង ៣០០នាក់។

សូមបញ្ជាក់ថា គម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» មានរយៈពេល ១ខែ ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕