(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមគ្រួសារ សង្គមស៊ីវិល និងព្រះសង្ឃមួយចំនួន បានចាប់ផ្តើមដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី ទៅកាន់ស្រុកកំណើតនៅខេត្តតាកែវហើយ។ ការដង្ហែនេះបានចាប់ផ្តើមពីចំណុចវត្តចាស់ ដោយមានការចូលរួមពីអ្នកគាំទ្ររបស់លោកកែមឡី ជាច្រើននាក់។
រយៈពេល២ថ្ងៃនេះ ក្រុមគ្រួសារ សង្គមស៊ីវិល និងព្រះសង្ឃមួយចំនួន បានរៀបចំពិធីបុណ្យសពគម្រប់ខួប១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនៅក្នុងវត្តចាស់ ដែលស្ថិតនៅខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ។ បុណ្យគម្រប់ខួបមរណភាព១០០ថ្ងៃនេះ មានរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១៤ ដល់១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងនោះថ្ងៃទី១ ជាការជួបជុំពុទ្ធបរិស័ទសម្តែងធម៌ ថ្ងៃទី២ មានការនិមន្តព្រះសង្ឃ ៥០០អង្គរាប់បាត។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តាម៉ាតមួយកន្លែងរបស់ស្ថានីយ៍សាំងកាល់តិចស្តុបបូកគោ។ ភ្លាមៗបន្ទាប់ ពីមានឃាតកម្មនេះ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ដែលជាជនដៃដល់ ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវដើម្បីស្វែងរកមេក្លោង និងអ្នកពាក់ព័ន្ធទៅផ្តន្ទាទោសផងដែរ៕