(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន៤០គ្រួសារ នៅឃុំដងកាំបិត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចការលោកទាំងទ្វេតែងតែនឹកឃើញ និងដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ហើយបានចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាព ជាតិពេញលេញដូចសព្វថ្ងៃនេះ ។

លោកសំណូមពរដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត។ អាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងមូលដ្ឋានឲ្យបាន ទើបធ្វើឲ្យភូមិឃុំរបស់យើង មានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ សូមមេត្តាជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៉ីអ៉ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ។

លោក លន់ យ៉េន មេឃុំដងកាំបិត ស្រុកសណ្តាន់ តំណាងឲ្យក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕