(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានទទួលព័ត៌មានថា មានករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ូរ៉ាក់ថាន់ វ៉ូវ៉ាក់វង់ ហៅ បែន អាយុ២៧ឆ្នាំ ជនជាតិថៃ។

ក្នុងនោះបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន៖ គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥ថង់កិប ទម្ងន់ ៣,២៤ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង,កាបូប ចំនួន០២ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ ជាលទ្ធផល វិជ្ជមាន(+)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធី៕