(ភ្នំពេញ)៖ គិតចាប់ពីខែកញ្ញា មកដល់ថ្ងៃទី២១ និងទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តោយព្រំដែននាទិសឦសាន្ត ដោយឥតគិតថ្លៃលើកទី១ នៅខេត្តប៉ែកឦសាន ដែលមានរយៈពេល១១សប្តាហ៍ហើយ និងមានជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានាបានចុះឈ្មោះចូលរួមជានឹងទឹកមុខរំភើប ដោយផ្ទាល់នូវស្ថានភាពពិត នៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែល មានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។
ដំណើរទស្សនកិច្ចប៉ែកឦសានលើកទី១១នេះ មានប្រជាពលរដ្ឋជាង២០០នាក់ បានចុះមើលស្ថានភាពទីតាំងបង្គោលព្រំដែន និងការគ្រប់គ្រងក្នុងតំបន់តាមបណ្តោយក្រវាត់ព្រំដែន ក្នុងខេត្ត ក្រចេះ និងខេត្តមណ្ឌលគិរី។
ដំណើរទស្សនកិច្ចពលរដ្ឋប្រភេទនេះជាការរៀបចំដំបូងបង្អស់ហើយនៅកម្ពុជា ឬនៅក្នុងតំបន់ផងដែរ និងបានជម្រះអស់មន្ទិលជុំវិញបញ្ហាព្រំដែននាពេលកន្លងមកព្រោះដំណើរទស្សនកិច្ចនេះបានបង្កើតសក្ខីកម្មរស់របស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ស្តីពីការពិត និងស្ថានភាពជាក់ស្តែងឥតប្រកែកបានពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនកម្ពុជាបានយ៉ាងគត់មុត និងប្រកបដោយការការពារយ៉ាងពេញលេញដោយរាជរដ្ឋាភិបាលកម្ពុជា។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នេះគឺជាសន្ទុះមួយដ៏សំខាន់បង្ហាញពីការចូលរួមក៏ដូចជាទឹករបស់ប្រជាពលរដ្ឋកម្ពុជា ចូលរួមចំណែកក្លាយសក្ខីកម្ម នៅក្នុងការការពារអធិបតេយ្យ ភាពបូរណភាពទឹកដីជាតិកម្ពុជារបស់យើង ដោយពុំជឿទៅលើការឃោសនាអកុសលអគតិរបស់ក្រុមមួយចំនួនតូច ដែលតែងតែប្រើព័ត៌មានបំភ្លៃយកមកធ្វើឱ្យមានបង្កចលាចល អស្ថិរភាពដូចជាធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា។
ដំណើរទស្សនកិច្ចចំនួន១១លើក បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីទាំងអស់ ដែលបានចូលរួមដោយបានបញ្ជាក់គ្រប់ៗគ្នាថា បានទទួលនូវបទពិសោធន៍ដ៏ល្អ និងប្រកបដោយសុវត្ថិភាពពីដំណើរទស្សនកិច្ចនេះ។
ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់បន្ថែមទៀតដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការពារសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ខណៈបន្តលើកកម្ពស់ផ្នែកសង្គម-សេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ក្រវាត់ព្រំដែន និងការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់មានភាពរីកចម្រើនឡើងថែមទៀត។
ដំណើរទស្សនកិច្ចនេះក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងបានបង្ហាញដល់សកលលោកឱ្យបានដឹងថាកម្ពុជា មានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រសោះឡើយ។
ក្នុងន័យនេះដែរ ប្រជាជនកម្ពុជានឹងបន្តរួមកម្លាំងសាមគ្គីគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពការពារ និងអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ហើយទទួលបានមកវិញនូវការបន្តរួមចំណែកក្នុងការថែរក្សាការពារស្ថិរភាពក្នុងសង្គមដើម្បីកំណើនសេដ្ឋកិច្ច។
សូមររម្លឹកជូនថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕