(កំពង់ចាម)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានឆ្លៀតលួចចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹងជាមុន ក្នុងគោលបំណងពិនិត្យដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវានាពេលយប់ ក៏ដូចជាឆ្លៀតចុះសរសួរសុខទុក្ខ លើកទឹកចិត្តដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព ដើម្បីចូលទៅស្វែងរកសេវាពិនិត្យសុខភាពនៅក្នុងមណ្ឌលសុខភាព។ ជាមួយគ្នានោះក៏បានសង្កេតថាប្រជាពលរដ្ឋមកទទួលសេវាថែទាំ និងពិនិត្យសុខភាពច្រើនសមរម្យ រួមទាំងស្រ្តីសម្រាលកូនផងដែរ។
លោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីបានឱ្យដឹងថា ខណៈដែលចុះមកពិនិត្យការផ្ដល់សេវាសុខាភិបាលដោយផ្ទាល់របស់បុគ្គលិក បម្រើជូនប្រជាពលរដ្ឋយើង បានសង្កេតឃើញថា បុគ្គលិកសុខាភិបាលនៅក្នុងមណ្ឌលសុខភាពអារក្សត្នោតយើង មានឥរិយាបថល្អ អនាម័យសមរម្យ ហេដ្ឋារចនាសម្ព័ន្ធល្អ បុគ្គលិក មន្រ្តីរាជការមានឆន្ទៈបំពេញការងារ ជាពិសេសប្រជាពលរដ្ឋមកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស នៅមណ្ឌលសុខភាព មានការកើនឡើងជាបន្តបន្ទាប់។
ក្នុងនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្ដ្រី ក៏ទទួលបានព័ត៌មានត្រឡប់ពីមន្រ្តីរាជការ បុគ្គលិកនៃមណ្ឌលសុខភាព សម្ដែងនូវការសប្បាយរីករាយ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលរៀបចំឡើងរៀងរាល់ថ្ងៃអង្គារ ដែលឃើញថាជាវគ្គដែលមានសារៈសំខាន់ ព្រមទាំងស្នើសុំឱ្យមានវគ្គបែបនេះជាបន្តទៀត។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ដោយទឹកចិត្តគោរពស្រឡាញ់ ពីមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាព បានសម្ដែងការក្តីរំភើបចំពោះការលើកទឹកចិត្ត ការផ្តល់ភាពកក់ក្តៅ ពីថ្នាក់ដឹកនាំក្រសួង និងជូនពរលោកសាស្តាចារ្យរដ្ឋមន្រ្តី ធ្វើដំណើរត្រឡប់ប្រកបដោយសុខសុវត្ថិភាព៕