(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នឹងខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងបានណែនាំឱ្យសមាជិកចុះមូលដ្ឋាន ត្រូវតែក្តាប់ឲ្យបានពីចំនួនសមាជិក-សមាជិកាគណបក្ស ដោយមិនត្រូវព្រងើយកន្តើយចំពោះប្រជាពលរដ្ឋ។
លោកស្រី ឃួន ឃុនឌី បានថ្លែងដូចនេះក្នុងកិច្ចប្រជុំប្រចាំខែគណបក្សស្រុក នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។
លោកស្រីលើកឡើងថា ដើម្បីឲ្យគណបក្សមានភាពរឹងមាំ នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ត្រូវតែមានការសាមគ្គីគ្នា និងមានឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដោយចូលរួមសហការគ្នាដោះស្រាយ សម្របសម្រួលក្តីកង្វល់របស់ពួកគាត់ក្នុងតំបន់មូលដ្ឋានឱ្យស្របទៅតាមនីតិវិធី និងលទ្ធភាពក្រុមការងារថ្នាក់មូលដ្ឋាន ដោយសហការជាមួយក្រុមការងារថ្នាក់កណ្ដាល។
ប្រធានក្រុមការងារទាំងអស់ត្រូវតែក្តាប់ឲ្យបានពីចំនួនសមាជិកសមាជិកាគណបក្ស ដោយអនុវត្តឲ្យបាននៅការរក្សាសមាជិកចាស់ និងបង្កើតសមាជិកថ្មី ដើម្បីធ្វើយ៉ាងណាឲ្យគណបក្សមានសកម្មភាពរស់រវើក និងបន្តអនុវត្តការងារជាប្រចាំ ដោយមិនត្រូវព្រងើយកន្តើយរង់ចាំថ្ងៃបោះឆ្នោតមកដល់នោះឡើយ។
លោកស្រីសំណូមពរដល់ក្រុមការងារត្រូវធ្វើយ៉ាងណាយកបេះដូងទៅបម្រើពួកគាត់ ទើបកិច្ចការនោះទទួលបានជោគជ័យ មិនមែនមានតែលុយទើបជោគជ័យនោះទេ ដែលបេះដូងនេះហើយដែលផ្ដល់ដល់ពួកគាត់នៅភាពកក់ក្តៅ ទំនុកចិត្ត ស្នាមញញឹម ដែលធ្វើឲ្យយើងទាំងអស់គ្នាសម្រេចជោគជ័យគ្រប់ពេលវេលា។
លោកស្រីបន្តលើកឡើងដល់ក្រុមការងារថ្នាក់មូលដ្ឋាន ត្រូវតែពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងបន្ថែមទៀត ព្រមទាំងបន្តសហការជាមួយក្រុមការងារថ្នាក់កណ្ដាល ក៏ដូចជាការផ្ដល់ទំនុកចិត្តដល់ប្រធានក្រុមការងារ ក៏ដូចជាការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅការគាំទ្រពីប្រជាពលរដ្ឋក្នុងអាណត្តិថ្មីទៀត។
លោកស្រី ឃួន ឃុនឌី ថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមជីវភាពធ្វើការងារបក្ស ដោយលះបង់កម្លាំងកាយ កម្លាំងចិត្ត ទាំងថវិកា និងសម្ភារៈក្នុងការជួយជ្រោមជ្រែង ស្ថាបនា ការជឿទុកចិត្ត និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕