(បាត់ដំបង)៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្ពស់ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្ពស់ នៅភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ស្រុកបរវេលខេត្តបាត់ដំបង ដែលរៀបចំឡើងនៅក្នុងបរិវេណសាលាឆទានបឹងជំនៀង នារសៀលថ្ងៃសៅរិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងវេទិកានេះ មានការចូលរួមពី លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៦០រូប។

លោកស្រី អុង សុភាវី បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្ពស់ បានរៀបចំវេទិកាសាធារណៈនេះឡើងក្នុងគោលបំណង ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ពុកម៉ែបងប្អូន លើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងមតិយោបល់ ការទិទានកែលម្អទាក់ទងនឹងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈរដ្ឋបាលឃុំព្រៃខ្ពស់។

ទន្ទឹមនឹងនេះដែរ ការរៀបចំវេទិការនេះ គឺជាឱកាសដ៏ល្អមួយ ដែលបង្កើនភាពស្និទស្នាលរវាងរដ្ឋាភិបាល និងពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងជាឱកាសមួយដែលអាចឱ្យប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈមនានាអំពី ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចទុក្ខកង្វល់ សំណើ សំណូមពរនានា ជុំវិញ ជីវភាពរស់នៅរបស់បងប្អូន ដើម្បីក្រុមកាងារ ធ្វើការពិនិត្យវាយតម្លៃ រិះរកវិធានការដោះស្រាយឱ្យ បានសមស្របក្នុងសមត្ថកិច្ចរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងស្រុកបវេល។ ចំពោះ យោបល់ សំណើ សំណូមពរ ទាំងអស់របស់បងប្អូន ក្រុមការងារ នឹងធ្វើការបូកសរុបរាយការណ៍ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដើម្បី សហការសម្របសម្រួល ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានា នៅថ្នាក់ខេត្ត ឱ្យជួយផ្តល់ការគាំទ្រ និងបន្តចាត់វិធានការដោះស្រាយជាបន្តបន្ទាប់ ព្រមទាំងធ្វើការបូកសរុប រាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីផ្តល់នូវគោលការណ៍ដឹកនាំ ណែនាំ ក្នុងការដោះស្រាយ ឆ្លើយតបតម្រូវការនានា ក្នុងឃុំព្រៃខ្ពស់នៃស្រុកបវេល ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស។

លោកស្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច និងប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ ក្រោមជាតិមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែងទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយតាមរយៈការបង្កើតឲ្យមានក្រុមការងាររាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ កំណែទម្រង់នេះសំដៅឱ្យមានការចូលរួមគាំទ្រនិងជម្រុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្ត គោលនយោបាយ និងកំណែទម្រងនានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបំផុសចលនាឱ្យមានការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ហើយស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដំណាក់ទី៧ នៃរដ្ឋសភា ដែលមានបាវចនាចំនួន៥ គឺ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ "បច្ចេកវិទ្យាឌីជីថល”  ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ រួមមាន៖
១.ជនរងគ្រោះជាក្មេងស្រីអាយុ៦ឆ្នាំ ដែលត្រូវបានគេចាប់រំលោភសេពសន្ថវៈ
២.គ្រួសារក្រីក្រ ផ្ទុកមេរោគអេដស៍ គ្មានផ្ទះសម្បែងស្នាក់អាស្រ័យជាមួយអ្នកជិតខាង
៣.ក្មេងប្រុសកំព្រាដែលឪពុកម្តាយស្លាប់ចោល ដែលគេយកមកចិញ្ជឹមនៅស្នាក់ការឃុំ៕