(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានារបស់អាជីវករ ដែល លក់ដូរនៅក្នុងផ្សារអូរដូនតា ស្ថិតនៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ លើកឡើងថា អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកស្រីអភិបាលខេត្តបានបញ្ជាក់ថាដោយសារប្រទេសជាតិ ក៏ដូចជាខេត្តប៉ៃលិនមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះផ្សារអូរដូនតា នៅថ្ងៃអនាគតក៏មានផែនការគ្រោងរៀបចំកែលម្អបន្ថែម និងតូបលក់ដូរឲ្យកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ដើម្បី ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពររបស់អាជីវករជាពិសេសផ្តល់នូវសេវាដល់ អតិថិជនពីគ្រប់មជ្ឈដ្ឋាន រួមទាំងភ្ញៀវទេសចរ ជាតិនិងអន្តរជាតិផងដែរ។
លោកស្រី បាន ស្រីមុំ បានសំណូមពរដល់អាជីវករក្នុងផ្សារអូរដូនតាទាំងអស់សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យ មានសណ្តាប់ធ្នាប់ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈគ្រប់គ្រងផ្សារ ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អប្រសើ៕