(ភ្នំពេញ)៖ លោកស្រី Michael JEAN អគ្គលេខាធិការអង្គការសហប្រជាជាតិហ្រ្វង់កូហ្វូនី បានមើលឃើញថា កម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងរីកចម្រើនច្រើនបើធៀបនិងពេលដែលលោកស្រី បានមកកម្ពុជាកាលពីឆ្នាំ២០១៤កន្លងទៅ ហើយក៏បានសរសើរដល់ការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានធ្វើឲ្យកម្ពុជារីកចម្រើនជាបន្តបន្ទាប់។
ការថ្លែងកោតសរសើរលើភាពរីកចម្រើនរបស់កម្ពុជានេះ បានធ្វើឡើងក្នុងពេលដែលលោកស្រី ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងគួរសម និងសំណេះសំណាលការងារនៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អ្នកព័ត៌មានថា ក្នុងជំនួបនេះ លោកស្រី Michael JEAN បានគោរពជំរាបសម្តេចតេជោថា លោកស្រី ធ្លាប់បានមកកាន់កម្ពុជា កាលពីឆ្នាំ២០១៤ ហើយមកបច្ចុប្បន្ន លោកស្រី បានមើលឃើញ កម្ពុជា មានការអភិវឌ្ឍរីកចម្រើនប្រកបដោយភាពស្វាហាប់។
ទន្ទឹមនិងការកោតសរសើរពីភាពរីកចម្រើនរបស់កម្ពុជា លោកស្រី Michael JEAN ក៏បានសុំស្វែងយល់នូវការដឹកនាំនាំឲ្យរីកចម្រើនខាងសេដ្ឋកិច្ច និងការរក្សាសុខសន្តិភាពពីសម្តេចតេជោ ហ៊ុន សែនផងដែរ ដើម្បីលោកស្រីយកទៅដាក់បញ្ចូលកិច្ចប្រជុំហ្រ្វង់កូហ្វូនី នៅម៉ាដាកាស្ការ នាពេលខាងមុខ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាអនុសាសន៍ថា សមាជិកអង្គការហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង) គួរតែពិ ចារណាទៅលើអ្វីដែលអាចធ្វើបាន និង អ្វីដែលបានធ្វើរួចហើយរួមគ្នា ឬក៏លើកទឹកចិត្តឱ្យសមាជិកទាំងអស់ត្រូវធ្វើបន្តទៀត។ តែត្រូវធ្វើការរួមគ្នា ប្រកបដោយសាមគ្គីភាព និងភាពរឹងមាំ ឆ្ពោះទៅមុខ ពោលធ្វើយ៉ាងណា កុំឱ្យមានគម្លាតគ្នា ដែលមិនត្រឹមតែធនទ្រព្យសម្បត្តិទេ ទាំងការអភិវឌ្ឍ និង ការបោះជំហានឆ្ពោះទៅមុខផងដែរ៕