(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងឧបត្ថម្ភប្រាក់លើកទឹកចិត្តដល់ កីឡាករបាល់ទាត់កម្ពុជាចំនួន ៥ម៉ឺនដុល្លារអាមេរិក ប្រសិនបើពួកគេអាចយកឈ្នះ ក្រុមជម្រើសជាតិប្រុយណេ និងក្រុមកីឡាករជម្រើសជាតិទីម័រឡេស្តេ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី១៨ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានប្រកួតយកឈ្នះ ក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ២-១ នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដែលទើបបញ្ចប់មុននេះបន្តិច។
ក្រៅពីសម្តែងការអបអរសាទរ ជាមួយជ័យជម្នះរបស់ក្រុមគោព្រៃ របស់កម្ពុជាហើយនោះ សម្តេចតេជោ បានបញ្ជាក់លើទំព័រ Facebook របស់សម្តេចយ៉ាងដូច្នេះ «ខ្ញុំនឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន ៥ម៉ឺនដុល្លារ (50,000 $) ក្នុងករណី ដែលក្រុមជម្រើសជាតិកម្ពុជា យើងយកឈ្នះ២ប្រកួតផ្សេងទៀត គឺកម្ពុជា-ប្រុយណេនិងកម្ពុជា-ទីម័ឡេស្តេ»។
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះពាន AFF Suzuki Cup 2016 គឺយកតែ ១ក្រុមប៉ុណ្ណោះ ក្នុងចំណោមទាំង ៤ក្រុម ឡាវ ប្រុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា ចំពោះក្រុមដែលមាន ពិន្ទុខ្ពស់ជាងគេ ដើម្បីទៅបង្រ្គប់ពូល B ដែលមានមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម កំពុងរង់ចាំ។
នៅថ្ងៃសៅរ៍នេះកម្ពុជា កំពុងឈរនៅកំពូលតារាង បន្ទាប់យកឈ្នះឡាវ ២-១។ បើកម្ពុជា យកឈ្នះប្រុយណេ និងទីម័រ កម្ពុជា នឹងបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តង៕