(ហុងកុង)៖ សម្រាប់ឆ្នាំ២០២៥ខាងមុខ ក្រុមហ៊ុនទេសចរណ៍ចិនដ៏ធំមួយប្រចាំទីក្រុងហុងកុង គឺក្រុមហ៊ុន China Tourism Group Corporation Limited (CTG) នឹងរៀបចំកញ្ចប់ទស្សនកិច្ចនាំទេសចរបរទេសមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ព្រមទាំងមានកិច្ចសហការក្នុងវិស័យទេសចរណ៍ជាច្រើនទៀតជាមួយក្រសួងទេសចរណ៍កម្ពុជា។

ការណ៍នេះបានឱ្យដឹងតាមរយៈបេសកកម្មរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានជួបពិភាក្សាការងារជាមួយលោក វ័ង ហាយមីង (Wang Haimin) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group (CTG) និងសហការីជាអគ្គនាយក/អគ្គនាយករងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកទីភា្នក់ងារទេសចរណ៍ និងផ្សារទំនើប China Duty Free Shop នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្តសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញរំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញ។

បើតាមក្រសួងទេសចរណ៍ តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់នេះ កិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ និងសំខាន់ៗ ត្រូវបានឯកភាពផ្តួចផ្តើម រួមមាន៖ ការបង្កើតក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ការរៀបចំជំនួបផ្គូរផ្គង និងទស្សនកិច្ចសិក្សា (FAM Trip) ការនាំភ្ញៀវមកតាមជើងហោះហើរជួល (Charter Flight) នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៍រួមគ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ការជំរុញនិងផ្សព្វផ្សាយផលិតផលខ្មែរនៅផ្សារ China Duty Free Shop។ល។

សូមជម្រាបថា ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ត្រូវបានស្គាល់ថាជាភ្នាក់ងារផ្ដល់សេវាកម្មធ្វើដំណើរដ៏ធំមួយរបស់រដ្ឋចិនប្រចាំនៅទីក្រុងហុងកុង ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៣មកម្ល៉េះ ដែលមានអាយុ១០១ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជាសហគ្រាសរដ្ឋរបស់ចិនដែលគ្រប់គ្រងនិងចាត់ចែងផ្ទាល់ដោយគណៈកម្មការមជ្ឈិមបក្ស មានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ដោយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុន CTG មានបុគ្គលិកជាង៤៣,០០០នាក់ ទ្រព្យសម្បត្តិសរុបលើសពី២០០ពាន់លាន RMB និងមានបុត្រសម្ព័ន្ធរហូតដល់ជាង៦០០ក្រុមហ៊ុន ដែលអាចបម្រើភ្ញៀវទេសចរជាង៨០លាននាក់ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន CTG បានបង្កើតជារចនាសម្ព័ន្ធឧស្សាហកម្ម ដែលរួមមាន៖ ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ការលក់រាយដ៏ល្បី China Duty Free Shop នាវាចរទេសចរណ៍ អចលនទ្រព្យ និងប្រតិបត្តិការទេសចរណ៍បែបទូលំទូលាយនៅទីក្រុងហុងកុង ដោយបានលាតសន្ធឹងលើប្រទេសចិន ហុងកុង ម៉ាកាវ និងក្រៅប្រទេសមានជាង៣០។ ក្រុមហ៊ុន CTG ប្រមូលផ្តុំម៉ាកទេសចរណ៍ល្បីៗ ដូចជា HKCTS, CITS, CTS និង CDF ដែលជាបណ្តុំសហគ្រាសដែលប្រតិបត្តិទេសចរណ៍ជាអាជីវកម្មស្នូលដ៏សំខាន់ និងជាសហគ្រាសទេសចរណ៍ឈានមុខគេនៅក្នុងប្រទេសចិន និងធំជាងគេបំផុត៕