(បាត់ដំបង)៖ សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានលោក ហេង សុខណា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា និងជាប្រធានកម្មវិធីសប្បុរសធម៌របស់សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានដឹកនាំ សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី១១និងទី១២ រួមទាំងសប្បុរសជននានា រៀបចំកម្មវិធីសប្បុរសធម៌លើកទី១ របស់សាលា ក្នុងការបរិច្ចាគសម្ភារសិក្សា ឯកសណ្ឋានសិស្ស អាហារ ធុងចម្រោះទឹកស្អាត ក្ដារខៀននិងថវិកា ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាអំពិលឈូង និងសាលាបឋមសិក្សាស្វាយបុប្ជា ស្ថិតក្នុងភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុក
មោងឫស្សី ខេត្តបាត់ដំបង សរុបចំនួន ១៧៥នាក់ ព្រមទាំងមានការចូលរួមពីលោក មេឃុំ មេភូមិ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយកសាលា អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាទាំងពីរ។
កម្មវិធីសប្បុរធម៌នេះ បង្កើតឡើងក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយគោរពតាមលំអានសកម្មភាពសប្បុរសធម៌របស់ថ្នាក់ដឹកនាំដែលបានអនុវត្តកន្លងមក។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលដៅជាអាទិភាពលើការងារសប្បុរសធម៌ និងការអប់រំ ដល់ជនងាយរងគ្រោះជា កុមារកំព្រា កុមារក្រីក្រ សិស្ស និង និស្សិត នៅតាមសហគមន៍ ឬ គ្រឹះស្ថានអប់រំនានា ដោយផ្ដល់ជាជំនួយសប្បុរសធម៌ផ្សារភ្ជាប់ការអប់រំ ដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងសង្គមមួយចំនួន ដូចជាគ្រឿងញៀន ក្មេងទំនើង និងអំពើអបាយមុខផ្សេងទៀតផង។
លោកប្រធានកម្មវិធីសប្បុរសធម៌បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងលោកស្រី ព្រមទាំងថ្លែងអំណរគុណ លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រួមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគតាមគ្រប់រូបភាព ជួយឱ្យកម្មវិធីនាថ្ងៃនេះប្រព្រឹត្តឡើងប្រកបដោយផ្លែផ្កា។ លោកប្រធាននៃកម្មវិធីមានសង្ឃឹមយ៉ាងម៉ុតមាំថាកម្មវិធីសប្បុរសធម៌របស់សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នឹងបន្តធ្វើសកម្មភាពសប្បុរសធម៌ក្រោមពាក្យស្លោក “ ទាំងអស់គ្នាដើម្បីសប្បុរសធម៌ និងការអប់រំ” ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការងារសប្បុរសធម៌ និងជួយឱ្យកុមារ ព្រមទាំងយុវជន យល់ដឹងបន្ថែមពីចំណេះដឹងទូទៅ និងច្បាប់ លើកទឹកចិត្តឱ្យពួកគេស្រលាញ់ការសិក្សា ជាពិសេសការសិក្សាលើ វិជ្ជាជីវៈច្បាប់ ព្រមទាំងផ្ដល់លទ្ធភាព និងឱកាសឱ្យពួកគេអាចក្លាយជាធនធានសម្រាប់សង្គមជាតិ នាពេលអនាគត។
កម្មវិធីសប្បុរសធម៌នេះ នឹងជួយបណ្ដុះនូវស្មារតីអាណិតស្រលាញ់ ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ដែលជាគុណធម៌ដ៏សំខាន់សម្រាប់ជាអ្នកអនុវត្តច្បាប់ និងផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋក្នុងសង្គមផងដែរ៕