(ភ្នំពេញ)៖ នាពេលថ្មីៗនេះ គណៈប្រតិភូសាកលវិទ្យាល័យល្បីៗចំនួន២ បានមកអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារជាមួយសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និងសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន (CCYA) នៅរាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់របស់លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម ACSC និងជាប្រធានសមាគម CCYA ព្រមទាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងខែធ្នូនេះ មានគណៈប្រតិភូសាកលវិទ្យាល័យក្វាងស៊ី (Guangxi University) ដែលសាកលវិទ្យាល័យលំដាប់លេខ១ នៅក្នុងខេត្តក្វាងស៊ី (Guangxi) និងសាកលវិទ្យាល័យចឹងចូ (Zhengzhou University ) ដែលសាកលវិទ្យាល័យលំដាប់លេខ១នៅក្នុងខេត្តហឺណាន (Henan)។
គោលបំណងនៃការជំនួបនេះ គឺពិភាក្សាស្វែងរកកិច្ចសហការរួមគ្នា រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិត ដើម្បីជំរុញកំណើននិស្សិតកម្ពុជា មកសិក្សានៅសាកលវិទ្យាល័យទាំងពីរនេះ។
បន្ថែមពីលើនេះទៀត លោកប្រធានក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះមាននិស្សិតដែលសិក្សានៅខេត្ត Henan សរុបប្រមាណ៣០រូប និង និស្សិតសិក្សានៅខេត្ត Guangxi សរុបមានចំនួន១១០នាក់ ចំនួននេះ គឺតិចនៅឡើយ បើធៀបជាមួយនិស្សិតនៅប្រទេសជិតខាងយើង ដូចជានិស្សិតថៃ និស្សិតវៀតណាម និស្សិតឡាវ ជាដើម។ ដូច្នេះហើយ តាមរយៈយន្តការសមាគមនិស្សិត ដែលមានស្រាប់ គឺស្ពានមួយដ៏រឹងមាំនាំមកនូវឱកាសអាហារូបករណ៍ ដល់យុវជននិស្សិតយើង។
នាពេលកន្លងមកសមាគមនិស្សិត បានចុះទស្សនកិច្ច និងស្វែងរកកិច្ចសហការជាមួយសាកលវិទ្យាល័យចំនួន២៨ ហើយបន្តស្វែងរកកិច្ចសហការជាមួយសាកលវិទ្យាល័យ នៅប្រទេសចិនយ៉ាង១០០ តាមផែនការដែលគ្រោងទុក៕