Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក ក្រោយយកឈ្នះឡាវ ២-១ ដែលទើបបញ្ចប់មុននេះ

15-10-2016 20:25

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក នៃការប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវឡាវ ២-១ នៅពីមុខអ្នកទស្សនាផ្ទាល់ជាង ៥ម៉ឺននៅពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។

ការប្រកួតរយៈពេល ៩០នាទីពេញ មានការស្វិតស្វាញខ្លាំងរវាងក្រុមគោព្រៃកម្ពុជា ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧៣ ស្របពេលដែលឡាវ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៧៦ ក្នុងតារាង FIFA Rankig របស់ពិភពលោក។ ស្របពេលកីឡាករ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ប៉េណាល់ទីនាំមុខឲ្យកម្ពុជា នៅនាទីទី៤៣ ចុងម៉ោងក្នុងវគ្គទី១ មុនពេលមិត្តរួមក្រុម ឈិន ឈឿន បន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី៨១ ខណៈដែលឡាវ រកបាន ១គ្រាប់ដែរនៅនាទីទី៥២ ដោយកីឡាករ Soukavath។

៣ពិន្ទុនេះដែរ បានធ្វើឲ្យកម្ពុជាឈរនៅកំពូលតារាងបណ្តោះអាសន្ន ស្មើនឹងជម្រើសជាតិប្រ៊ុយណេ ដែលទើបតែបានយកឈ្នះក្រុមទីម័រខាងកើតនៅពហុកីឡដ្ឋានជាតិនេះដូចគ្នាកាលពីចាប់ផ្តើមប្រកួតនៅម៉ោង ៣៖៣០នាទីរ សៀលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។

កម្ពុជា ត្រូវជួបប្រ៊ុយណេ នៅថ្ងៃទី១៨ ខែតុលា ខណៈដែលឡាវ ត្រូវជួបទីម័រខាងកើត ដើម្បីសន្សំពិន្ទុបន្តផងដែរ៕