(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតាំងគោក ខេត្តកំពង់ធំ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈាង វណ្ណារិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក, ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ និងមានប្រធាន អនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំចំនួន ១៥០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍លម្អិតស្តីពីលទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក របស់ក្រុមការងារចុះមូលដ្ឋានស្រកតាំងគោក ដែលបានលើកឡើងដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួចលោកបណ្ឌិត ថោង ខុន ក៏បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់កម្រិត តាមលំដាប់ថ្នាក់ ដែលធ្វើឱ្យប្រៀបខ្លាំងរបស់គណបក្សកាន់តែត្រូវបានពង្រឹងនិងពង្រីកឥតឈប់នៅគ្រប់ទីកន្លែង។
នាឱកាសនោះដែរលោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ស្តាប់សំណូមពររបស់ពលរដ្ឋ និងដោះស្រាយភ្លាមៗ, ការផ្តល់សេវាសាធារណៈក៏ត្រូវតែខិតខំធ្វើឱ្យកាន់តែប្រសើរ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ, ការផ្តល់នូវយុត្តិធមសង្គមដល់ ប្រជាពលរដ្ឋ, ដោះស្រាយបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន និងត្រូវតាមដានឱ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាផ្តល់នូវភាពសុខសាន្តដល់ពលរដ្ឋ និងដើម្បីបង្កើនភាពជឿជាក់របស់ពលរដ្ឋមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកបណ្ឌិត ថោង ខុន បន្ថែមថា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការក៏ជារឿងចាំបាច់ ដោយក្រុមការងារត្រូវបន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់របស់ប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅបង្កើនភាពជឿជាក់កក់ក្តៅ និងទុកចិត្តរបស់ប្រជាជនមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបការងាររបស់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ឱ្យកាន់តែរឹងមាំ ស៊ីសង្វាក់ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ»។
ពង្រឹងនិងជំរុញការងារគ្រប់គ្រងសាធារណៈមតិ និងចលនាមហាជន ដើម្បីក្តាប់ជាប់នូវសភាពការណ៍និងសតិអារម្មណ៍នយោបាយនៅមូលដ្ឋាន និងធ្វើការវាយបកឱ្យបានទាល់ពេលវេលាចំពោះមជ្ឈដ្ឋានអគតិ និងក្រុមប្រឆាំង ដែលបានញុះញុង បំផុសបំផុល បំភ្លើស និងមួលបង្កាច់មកលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា, បន្តអនុវត្តយុទ្ធសាស្រ្ត «សមាជិកបក្ស០១រូប សម្លេងឆ្នោត០១សន្លឹក» និង «រក្សាចាស់ បង្កើនថ្មី» និងពង្រីកសមាជិកបក្សឱ្យបាន ៨០% ត្រឹមឆ្នាំ២០២៥នេះ និងបន្តពង្រីកជាបន្តបន្ទាប់ទៀត នឹងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋាន។
នាឱកាសនេះដែរលោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យរៀបចំបង្កើតកម្មវិធីប្រកួតប្រជែងការផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន ដោយកំណត់សម្រាប់ស្រុកតាំងគោក ជាស្រុកដែលនឹងត្រូវអនុវត្តន៍មុនគេ
ដោយលោកបានណែនាំឱ្យរដ្ឋបាលស្រុក រៀបចំកិច្ចប្រជុំបូកសរុបការងារផ្តល់សេវាសាធារណៈ នៅខែមីនា ឆ្នាំ២០២៥ ដោយរាប់ទាំងការផ្តល់សេវាសាធារណៈលើអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត ហើយលោកនឹងស្នើសុំក្រុមការងារថ្នាក់ជាតិដើម្បីចុះធ្វើការវាយតម្លៃផ្ទាល់តែម្តង៕