(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការនាំមុខឡាវ ១-០ មុននៅនាទីទី៤៣ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ (ប៉េណាំងទី) របស់កីឡាករខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម នៅចុងម៉ោងក្នុងវគ្គទី១។
ការប្រកួតវគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នៅលើទីលានប្រយុទ្ធវាលស្មៅខៀវខ្ចីនាពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៥ម៉ឺននាក់ ក្នុងវគ្គទី១ ក្រុមកីឡាករកម្ពុជា និងឡាវ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងវាយលុកគ្នាទៅវិញទៅមកផងដែរ។ តែទោះជាយ៉ាងណា ក្រុមកីឡាករកម្ពុជា ដែលជាម្ចាស់ផ្ទះ បានដាក់សម្ពាធខ្លាំងផងដែរទៅលើកីឡាករឡាវ។
សូមបញ្ជាក់ថា មុនការចាប់ផ្តើមប្រកួត ក្រុមកីឡាករប្រទេសទាំងពីរ គ្រូបង្វឹក ថ្នាក់ដឹកនាំ និងអ្នកគាំទ្រផងដែរ បាននាំគ្នាស្មឹងស្មាធិ៍រយៈពេល ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទសម្តេច នរោត្តម សីហនុ៕