(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យបញ្ចប់វប្បធម៌ធ្វើជាតំណាងប្រជាពលរដ្ឋរឿងដីធ្លី ហើយរត់ការរំលងយន្តការមូលដ្ឋាន ទៅដល់ក្រសួងស្ថាប័ន។ សម្តេចបានចាត់ទុកថា វប្បធម៌នេះនឹងធ្វើឱ្យវិវាទដីធ្លី នៅក្នុងប្រទេសកម្ពុជា នៅតែបន្តកើតមាន មិនអាចបញ្ចប់បាន។

ការអំពាវនាវរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែក​បណ្ណ​កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ។

មុននឹងលើកឡើងដល់ចំណុចនេះ សម្តេចបានបង្ហាញអំពីករណីរត់ការមួយចំនួន ដែលបានរំលងយន្តការថ្នាក់ខេត្ត ហើយទៅដល់ក្រសួងមួយ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «លុបកុំឱ្យមានបែបហ្នឹង យន្តការដែលត្រូវប្រើគឺស្របច្បាប់ យន្តការផ្លូវការ យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយើងងាយដោះស្រាយ ហើយខេត្តមួយដែលមានដីសម្បទានសង្គមកិច្ច ​ត្រូវមើលនីតិវិធីផង កុំឱ្យមាននរណារត់ការមក»

បើតាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី, រដ្ឋាភិបាល តែងផ្តល់ដីជូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ ដែលកន្លងទៅ រដ្ឋាភិបាលបានផ្តល់រាប់ម៉ឺនរាប់សែនគ្រួសារផងដែរ។ សម្តេចបានបញ្ជាក់បន្តថា ក្នុងករណីប្រជាពលរដ្ឋ មិនមានដីពិតប្រាកដ គឺអាចដាក់ស្នើតាមរយៈយន្តការថ្នាក់មូលដ្ឋានបាន។

«ខ្ញុំសូមឱ្យប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ បើត្រូវការសូមឱ្យចុះឈ្មោះតាមយន្តការរបស់យើងនៅមូលដ្ឋាន ដើម្បីយើងផ្តល់ជូន ហើយសូមកុំចាញ់ឃោសនារបស់ក្រុមមេខ្យល់ នាំប្រជាពលរដ្ឋទៅកាប់កន្លែងនេះឬកន្លែងនោះជាថ្នូរ កន្លែងខ្លះថ្នូរជាមួយលុយ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី។

សម្តេចបានរំលឹកថា កន្លងទៅករណីរត់ការរំលងមូលដ្ឋាន បានបង្កឱ្យមានផលវិបាក និងវិវាទដីធ្លី ដូច្នេះសម្តេចសូមអំពាវនាវឱ្យអ្នកដែលរត់ការកុំព្យាយាមធ្វើតាមផ្លូវកាត់ ដោយរំលងហួសរដ្ឋបាលថ្នាក់ក្រោមជាតិតទៅទៀត។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា រដ្ឋមិនធ្វើបាបប្រជាពលរដ្ឋទេ ឱ្យតែប្រជាពលរដ្ឋអត់ដីពិតប្រាកដ គឺរដ្ឋនឹងចែកឱ្យ ហើយបញ្ហានេះរដ្ឋាភិបាលបានផ្តល់ដីរាប់ម៉ឺនរាប់សែនគ្រួសាររួចទៅហើយតាំងពីទសវត្ស៩០មក ហើយបានធ្វើជាប្រចាំរហូតមកដល់បច្ចុប្បន្ន៕