(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីដំណឹងបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយឡែកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៣៖០០នាទី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំធ្វើការដង្ហែក្បួនថ្មើរជើងសាកល្បង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី ដើម្បីត្រៀមលក្ខណៈឱ្យព្រឹត្តិការណ៍ «សាទរកម្ពុជា» ដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។

ដើម្បីឲ្យព្រឹត្តិការណ៍ «សាទរកម្ពុជា» ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដំណើរការនៃការរៀបចំនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

ចំពោះការដង្ហែក្បួនថ្មើរជើងសាកល្បង នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោស្រពចតុមុខ) ចាប់ពីវេលាម៉ោង ១៣:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

ចំពោះការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាល មហោស្រពចតុមុខ) និងកំណាត់វិថីឧកញ៉ាឈុន (ចាប់ពីភ្លើងស្តុបសាលមហោស្រពចតុមុខ រហូតដល់ កែងមហាវិថីសម្តេចសុធារស) ចាប់ពីវេលាម៉ោង ១៣:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕