(កំពង់ចាម)៖​ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរាជរដ្ឋាភិបាលកម្ពុជាមិនមែនស្រឡាញ់ទឹកដីតែលើហ្វេសប៊ុកនោះទេ រាជរដ្ឋាភិបាលស្រឡាញ់ពិត ហើយមិនមែនត្រឹមស្រឡាញ់នោះទេ ព្រមទាំងប្រឹងប្រែងលើកតម្កើងលើឆាកអន្តរជាតិថែមទៀតផង។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ជានិច្ចកាល ក្រុមប្រឆាំងតែងតែលើកយកប្រធានបទពាក់ព័ន្ធនឹងព្រំដែនរវាងកម្ពុជា​ និងប្រទេសជិតខាងមកបំផុសបំផុល ធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស មានការខឹងសម្បារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំព្យាយាមបំពេញកាតព្វកិច្ចយ៉ាងយកចិត្តទុកដាក់បំផុតជូនប្រជាពលរដ្ឋ។

តួយ៉ាង ដូចកាលរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលក្រុមនេះបានបញ្ឆេះកំហឹងប្រជាជនកម្ពុជា នឹងបានរៀបចំព្រឹត្តិការណ៍ ១៨ សីហា ២០២៤ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់បន្ថែមទៀត តែត្រូវបានបរាជ័យក្រោមការទប់ស្កាត់ទាន់ពេលវេលារបស់រដ្ឋាភិបាលកម្ពុជា។ ក្រោយពីបញ្ចប់រឿង CLV-DTA ក្រុមនេះបានបង្វែរការចាប់អារម្មណ៍ទៅរក កោះគុត ដែលជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា​ និងថៃ បង្កឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងសារជាថ្មីជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាទៀត ខណៈដែលរដ្ឋាភិបាលទាំងពីរប្រទេស កំពុងធ្វើការចរចាជាមួយគ្នានៅឡើយ។

ថ្លែងក្នុងពិធីខាងលើនេះ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «គណៈកម្មការព្រំដែន មន្ត្រីព្រំដែនរបស់យើង សួរថាពួកគាត់ក្បត់ជាតិខ្លួនឯងឬអី? អត់ទេ! គាត់ស្រឡាញ់ជាតិ គាត់ខំសិក្សាស្រាវជ្រាវដើម្បីចរចាមួយចំអាមៗទុកឱ្យ។ សួរថាស្រឡាញ់ជាតិតែអស់លោកនៅក្រៅប្រទេសទេឬ? ហើយអ្នកក្នុងស្រុកហ្នឹងអត់ស្រឡាញ់ជាតិទេអី? ស្រឡាញ់ដូចតែគ្នាទេ ហើយយើងមិនស្រឡាញ់តែតាមហ្វេកប៊ុកទេ គឺយើងស្រឡាញ់ពិត ការពារពិត ទឹកដី អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា​ ហើយមិនត្រឹមតែការពារទេ ថែមទាំងលើកតម្កើងនិងពង្រឹងនៅលើឆាកអន្តរជាតិទៀត នេះហើយជាអ្វីដែលរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើពិតប្រាកដជូនប្រជាពលរដ្ឋ ហើយសូមបងប្អូនជឿទុកចិត្តចុះ»

សម្ដេចបវរធិបតី បានថ្លែងបន្តថា «រដ្ឋាភិបាលកម្ពុជា គ្មានពេលទៅអង្គុយតតាំងជាមួយអស់លោកទេ ម្ដងអស់លោកតវ៉ារឿង CLV-DTA បន្ទាប់មកក៏ចោលរឿងហ្នឹង ទៅលើករឿងកោះគុតមកបំផុសបំផុល...ខ្ញុំសសើរពួកគាត់៤ ៥នាក់នឹងណាស់ ពួកគាត់ចេះសព្វ ប្រធានបទអីក៏ច្បាស់ដែរ រហូតទៅដល់ចេះជាងច្បាស់ដើមគេទៀត ទៅបកស្រាយនិក្ខេបបទសម្ដេចក្រុងព្រះ ហើយចេះបកស្រាយសៀវភៅរបស់ឧបនាយរដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ជាងម្ចាស់ដើមគេទៀត....ហើយមានអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិ ស្រឡាញ់ទឹកដី ដូចកាលរឿង CLV-DTA ថាស្រឡាញ់ទឹកដី ត្រូវតែការពារ អ្នកនយោបាយខ្លះ...ចង់ចំណេញបោកប្រជាពលរដ្ឋសុទ្ធ»

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា សម្ដេចគ្មានពេលទៅហត់តតាំងជាមួយក្រុមប្រឆាំងក្រៅប្រទេសនោះទេ ព្រោះប្រជាពលរដ្ឋរាប់លាននាក់គ្រប់វិស័យកំពុងត្រូវការរដ្ឋាភិបាល មន្ត្រីរាជការរបស់យើងក៏គ្មានពេលទៅអង្គុយតតាំងជាមួយអស់លោកដែរ ពួកគាត់ជាប់រវល់បំពេញការងារតាមជំនាញរបស់ពួកគាត់៕