Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីកម្ពុជា៖ ផ្ការីករបស់កម្ពុជា គឺរីកនៃការបម្រើ, រីកនៃការផ្តល់ប្រយោជន៍ និងរីកនៃការអភិវឌ្ឍ, សូមពលរដ្ឋកុំចូលចលនា «ផ្ការីក» ដែលបំផ្លាញជាតិ (Video inside)

21-12-2024 12:25

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ផ្ការីករបស់កម្ពុជា គឺរីកនៃការបម្រើ, រីកនៃការផ្តល់ប្រយោជន៍ និងរីកនៃការអភិវឌ្ឍ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានស្នើសូមពលរដ្ឋកុំចូលរួមចលនា «ផ្ការីក» ដែលបំផ្លាញជាតិ និងនាំសោកនាដកម្មសម្រាប់ជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាស ខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

ពាក្យ «ផ្ការីក» កំពុងត្រូវបានលោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅប្រទេស បង្ហោះស្ទើររាល់ថ្ងៃ នៅលើបណ្តាញសង្គម ដែលជាចលនាបដិវត្តន៍​មួយ ត្រូវបានគេប្រើប្រាស់ជោគជ័យ តាមបណ្តាប្រទេសមួយចំនួន ហើយត្រូវបានលោក សម រង្ស៉ី បំផុសឡើង ក្នុងចេតនាដ៏អាក្រក់​ និងញុះ​ញង់​ឲ្យ​ពលរដ្ឋក្រោកឡើង ក្នុងការបំផ្លាញក្តីសុខរបស់កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ បានប្រកាសហើយរឿងផ្ការីក មានមេដឹកនាំនយោបាយនៅក្រៅប្រទេស គេស្រែកផ្ការីក ដើម្បីធ្វើបដិវត្ត ព្រោះគេប្រើពាក្យផ្កាហ្នឹង ច្រើនតែនិយាយពីបដិវត្តន៍នៅមជ្ឈិមបូព៌ា បដិវត្តន៍ពណ៌ បដិវត្តន៍អីហ្នឹង បដិវត្តន៍ផ្កាឈូកអីហ្នឹង។ កម្ពុជា ផ្ការីករបស់យើង គឺផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះ-ឈ្នះ ផ្ការីកនៃការអភិវឌ្ឍប្រទេសជាតិរបស់យើង»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «រីកដើម្បីភាពញញឹម ដើម្បីឲ្យប្រជាពលរដ្ឋស្រលាញ់គ្នា សាមគ្គីគ្នា ថែរក្សាសមិទ្ធផលដែលយើងមាន មិនមែនដូចផ្ការីកគេនោះ គឺចលនាខឹងសម្បារ បះបោរ ប្រឆាំងរដ្ឋអំណាច នេះហើយគឺជាផ្ការីកនៃគ្រោះថ្នាក់ សូម​បងប្អូនប្រជាពលរដ្ឋ កុំទៅតាមផ្ការីកដែលដុតប្រទេស តែចូលរួមនៅក្នុងយន្តការផ្ការីក នៅក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អ [...]»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើពលរដ្ឋ ជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍ ដើម្បីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមិនត្រូវចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេសនោះឡើយ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូស​រំលេចថា នៅកម្ពុជាផ្ការីករៀងរាល់ថ្ងៃ ព្រោះកិច្ចការ និងសមិទ្ធផលលើគ្រប់​វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ ក្នុងនោះ ដំណើរការ​ចាក់វ៉ាក់​សាំងជំងឺកូវីដ១៩ ក៏ប្រើអភិក្រមផ្ការីកផងដែរ៕