(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដោយចាត់ទុកបទល្មើសបច្ចេកវិទ្យាជាបញ្ហាសកល និងណែនាំសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេះ។
សម្ដេចមហាបវរធិបតី ណែនាំបែបនេះ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែក បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍យ៉ាងដូច្នេះថា «រឿងបច្ចេកវិទ្យាចឹងមែន សូមកុំចាញ់បោកតាមអនឡាញ ហើយរឿងឲ្យខ្ចីប៊ុលតាមអនឡាញ សូមធនាគារជាតិ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យមើលរឿងនេះ និងប្រយត្នប្រយែង ហើយនេះមិនមែនបញ្ហាតែកម្ពុជានោះទេ […] នេះគឺជាបញ្ហាធំណាស់ ប្រទេសមហាអំណាចក៏ពិបាកទប់ទល់រឿងបច្ចេកវិទ្យាអនឡាញនេះដែរ»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា បច្ចុប្បន្នមិនថាក្មេង ឬចាស់គឺមាន Smart phone ប្រើសឹងគ្រប់គ្នា ដូច្នេះសូមប្រជាពលរដ្ឋមានភាពម្ចាស់ការ និងប្រុងប្រយត្នទាំងអស់គ្នាចំពោះបញ្ហាបច្ចេកវិទ្យា។ ទន្ទឹមនេះបច្ចេកវិទ្យាគឺជាប្រព័ន្ធ និងមានច្រើនណាស់។
ឆ្លៀតក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងរៀបចំចងភ្ជាប់ប្រព័ន្ធទិន្នន័យ របស់ស្ថាប័នរដ្ឋជាមួយគ្នា ដើម្បីបង្កភាពងាយស្រួលក្នុងការទាញយកព័ត៌មាន។
សូមជម្រាបថា បច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងស្ទើរាល់ថ្ងៃ ពិសេសកើតឡើងនៅតាមមូលដ្ឋាន ហើយនៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋមានការលំបាកក្នុងការមកដាក់ពាក្យបណ្ដឹង។ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារ ជាភាពងាយស្រួលឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ។
កន្លងមក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្លាប់បានលើកឡើងថា នៅក្នុងយុគសម័យថ្មីនេះ ការរងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទោះបីជាមិនមែនបទល្មើសប្រពៃណី ប៉ុន្ដែឈានទៅដល់ការបោកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដូច្នេះវិស័យធនាគារ ត្រូវសហការគ្នាជាមួយក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសទាំងអស់នេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមចូលទៅកាន់លីង hotline.police.gov.kh ឬឆាតទៅផេក អគ្គស្នងការដ្ឋាននគរបាលជាតិ៕