(កំពង់ចាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ លោកអភិបាលស្រុកស្ទឹងត្រង់ លោកគ្រូ អ្នកគ្រូសរុបចំនួន៤៦៦នាក់ នៅសាលាស្រុកស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជោគជ័យរបស់សិស្សទាំងអស់នាពេលនេះ គឺមួយផ្នែកកើតចេញពីសមត្ថភាពរបស់សិស្សផ្ទាល់ (អ្នកចេះ ទើបជាប់), មួយផ្នែក គឺការបង្ហាត់បង្រៀន និងណែនាំពីលោកគ្រូ អ្នកគ្រូលោកនាយក គណៈគ្រប់គ្រងសាលា ដែលខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការអប់រំណែនាំ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់គ្នា តួយ៉ាង កត្តាមនុស្ស, ធនធានមនុស្ស, ពិសេសមូលធនមនុស្ស គឺជាកត្តាកំណត់ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះដូច្នេះគឺទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះតួអង្គដែលមិនអាចខ្វះបាន គឺលោកគ្រូ អ្នកគ្រូ ដែលជាអ្នកផ្តល់ចំណេះដឹង និងចែករំលែកបទ ពិសោធ, ជាពិសេសការរួមចំណែកពីប្អូនៗសិស្សានុសិស្សដែលមានវត្តមាននៅពេលនេះផងដែរ ដែលជាទំពាំងស្នងឫស្សី និងធនធានបន្តវេនប្រកបដោយថាមភាព និងសាកសមជាអ្នកបន្តវេនជំនាន់ថ្មី និងជាគ្រាប់ពេជ្ររបស់កម្ពុជា នាពេលខាងមុខ៕