(កំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ភ្លើងសង្គ្រាម ជម្លោះ និងការបែកបាក់របស់កម្ពុជាក្នុងពេលអតីតកាល បានបង្កការលំបាក និងភាពស្មុគស្មាញជាច្រើនក្នុងដំណើរការគ្រប់គ្រង និងដឹកនាំជាតិ។ វិបត្តិរបស់កម្ពុជាក្នុងគ្រាអតីតកាលនោះ មិនត្រឹមតែបង្កជាឧបសគ្គក្នុងការកសាងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ការគ្រប់គ្រងដីធ្លីក៏បង្កជាបញ្ហាដល់ការដឹកនាំរដ្ឋផងដែរ ព្រោះពុំមានការគ្រប់គ្រងមួយបានច្បាស់លាស់នោះឡើយ។ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតី ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋត្រូវបានរឹបអូសដាក់ជាទ្រព្យសម្បតិរួម មិនមានឡើយកម្មសិទ្ធិឯកជន។
ទោះបីរបបប្រល័យពូជសាសន៍ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩យ៉ាងណាក្តី កម្ពុជាបន្តអនុវត្តការគ្រប់គ្រងដីធ្លីជាសមូហភាព ពោលជាការគ្រប់គ្រងដីធ្លីរួម ដោយមិនមានការបែងចែកកម្មសិទ្ធិដីធ្លីឡើងវិញនោះឡើយ។ ដោយមើលឃើញពីឧបសគ្គក្នុងការកសាងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋ ក៏បានសម្រេចធ្វើទម្រង់លើការគ្រប់គ្រងដីធ្លីនេះ ដែលជាការសម្រេចចិត្តប្រកបដោយភាពប្រឈមជាច្រើនលើកិច្ចការកំណែទម្រង់ដីធ្លីនេះ។ នៅឆ្នាំ១៩៨៩ រដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមឱ្យមានកម្មសិទ្ធិដីធ្លីជាលើកទី១ ឡើងវិញ ដោយរៀបចំបង្កើតស្ថាប័នដីធ្លី ដែលផ្លាស់ប្តូរនាយកដ្ឋានគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចកសិកម្មទៅជានាយកដ្ឋានសុរិយោដីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសម្រេចទទួលបានពាក្យស្នើសុំកាន់កាប់ដីធ្លីទូទាំងប្រទេស បានប្រមាណ ៧០ភាគរយនៃក្បាលដីសរុប។
នៅពាក់កណ្តាលទសវត្សរ៍ទី៩០ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងបើកយុទ្ធនាការដ៏ធំក្នុងការចុះបញ្ជីក្បាលដីចំនួន ៤,៥លានក្បាលដី និងការអភិវឌ្ឍនូវប្រព័ន្ធសុរិយោដី និងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជាបន្តបន្ទាប់។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានបន្តនូវគោលនយោបាយនៃការចុះបញ្ជីដីធ្លី។ ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។
ម្យ៉ាងវិញទៀតការបញ្ចប់ការវាស់វែងដីធ្លីនឹងអនុញ្ញាតឱ្យរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីក កំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឈរលើមូលដ្ឋានខាងលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តនូវគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ដែលជាជំហានមួយនៃកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យដីធ្លី ដើម្បីដោះស្រាយស្ថានភាពកាន់កាប់ដីធ្លីពីការកាន់កាប់ដីធ្លីមិនច្បាស់លាស់ ឬមិនទាន់ស្របច្បាប់របស់ប្រជាពលរដ្ឋឱ្យមកជាការកាន់កាប់ដោយច្បាស់លាស់ មានមូលដ្ឋានច្បាប់រឹងមាំ ដោយសុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជាភូមិឋានក្សេមក្សាន្ត ដោយរដ្ឋធ្វើប្រទានកម្មឱ្យប្រជាពលរដ្ឋមានកម្មសិទ្ធិពេញលេញ ជាសម្បទានដីសេដ្ឋកិច្ចខ្នាតតូច ឬជាសម្បទានដីសង្គមកិច្ច សេដ្ឋកិច្ច សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីឱ្យមានប្រសិទ្ធភាព តុល្យភាព និងរក្សាបាននិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។
ខេត្តកំពង់ចាម ជាខេត្តគោលដៅមួយក្នុងចំណោមខេត្តគោលដៅទាំង២១ ត្រូវបានចាត់តាំងអនុវត្តបទបញ្ជាលេខ ០១បប ចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ បានអនុវត្តនៅលើស្រុកគោលដៅចំនួន ៥ស្រុក គឺស្រុកស្ទឹងត្រង់ ស្រុកតំបែរ, ស្រុកត្បូងឃ្មុំ, ស្រុកអូររាំងឪ និងស្រុកមេមត់ ដោយមានក្រុមការងារចូលរួម ២០ក្រុម ស្មើនឹងចំនួនមនុស្ស ២៥៣នាក់ ក្នុងនោះស្រ្តីមានចំនួន ៤៦នាក់ ដែលរួមមាន៖ យុវជនស្ម័គ្រចិត្តសម្តេចតេជោ មាន១០ក្រុម ស្មើនឹង១២០នាក់ (ស្រី ៣១នាក់) មន្រ្តីបច្ចេកទេស មាន ១០ក្រុម ស្មើនឹង ១០០នាក់ (ស្រី ១៥នាក់) គ្រូពេទ្យ មាន ១៦នាក់ និងអ្នកបើកបររថយន្ត មាន១៧នាក់។ ក្នុងយុទ្ធនាការនោះ បានសម្រេចលទ្ធផលដូចខាងក្រោម៖
* ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២០ឃុំ ស្មើនឹង ១០៥ភូមិ ក្នុងនោះ ស្រុកស្ទឹងត្រង់ មានឃុំចំនួន ៦ ស្មើនឹង២៨ភូមិ
* បំពេញសាលប័ត្រ បានចំនួន ៧០,៣២៧ក្បាលដី
* វាស់វែងក្បាលដី បានចំនួន ៧០,៣២៧ក្បាលដី
* គូរនិងបញ្ជូលទិន្នន័យ បានចំនួន ៦៩,៦១៥ក្បាលដី
* បិទផ្សាយជាសាធារណៈ បានចំនួន ៦៩,៦១៥ ក្បាលដី មានទំហំ ១០២.២១៣,៦១ ហិកតា ស្មើនឹង៣៨,១៤៥គ្រួសារ
* ចែកបណ្ណ បានចំនួន ៦៦,៩៩៩ ក្បាលដី មានទំហំ ៩១,៨៣៤.១៧ហិកតា ស្មើនឹង ៣៥,៩៧៦គ្រួសារ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ នៅក្នុងបរិវេណវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាការចែកបណ្ណកម្មសិទ្ធលើកទី១ នៃការអនុវត្តបទបញ្ជាលេខ ០១បប ជូនប្រជាពលរដ្ឋ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងការបន្តគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ខេត្តកំពង់ចាម សម្រេចបានដោយជោគជ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកំពង់ចាម ដែលជាខេត្តទី១ក្នុងចំណោមរាជធានីខេត្តទាំង២៥ ដែលបានបញ្ចប់ទាំងស្រុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ដោយចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន មានរយៈពេល ២១ឆ្នាំ)។ មកដល់ពេលេនះ បានសម្រេចការងារទាំងស្រុងដូចខាងក្រោម៖
ទី១៖ ធ្វើការប្រកាសតំបន់វិនិច្ឆ័យបាននៅគ្រប់ភូមិ ទូទាំងខេត្ត
ទី២៖ ប្រមូលទិន្នន័យ និងវាស់វែងបាន ៩១៧,៧៩៥ក្បាលដី លើចំនួនក្បាលដីដែលប៉ាន់ប្រមាណទូទាំងខេត្តប្រមាណ ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ។
ទី៣៖ បិទផ្សាយជាសាធារណៈចំនួន ៩២០,១៧៧ក្បាលដី លើចំនួនក្បាលដីដែលបានវាស់វែង និងវិនិច្ឆ័យរួចទូទាំងខេត្តកំពង់ចាម ចំនួន ៩១៧,៧៩៥ក្បាលដី គិតជាភាគរយស្មើនឹង ១០០ភាគរយ។
ទី៤៖ បានបញ្ចប់ជាស្ថាពរនូវការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង១០ក្រុង-ស្រុក នៃខេត្តកំពង់ចាម នៅថ្ងៃទី១៥-០៥–២០២៤។
ទី៥៖ ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ៨៩៥.៤៩៨ ក្បាលដី លើចំនួនក្បាលដីដែលបានបិទផ្សាយរួចទូទាំងខេត្តកំពងចាម ៩១៧,៧៩៥ក្បាលដី គិតជាភាគរយ ស្មើនឹង ៩៨ភាគរយ។ ប័ណ្ណកម្មសិទ្ធចុងក្រោយចំនួន ១០៣,០១៤ ដែលសម្ដេចមហាធិបតីនឹងផ្ដល់ជូនប្រជាពលរដ្ឋ នាពេលបន្តិចទៀតនេះ ជាកិច្ចបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ចាម។
បន្ទាប់ពីបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ត្រីបច្ចេកទេសក្រុមវាលខេត្តកំពង់ចាម មានចំនួន៦ក្រុមវាល ស្មើនឹង ១៦២នាក់ បានចុះសហការ និងជួយមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ដើម្បីបន្តអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំចំនួន៩ និងភូមិចំនួន៦២ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានក្បាលដីប៉ាន់ស្មានចំនួន ៥១,២៩១ក្បាលដី។
មន្ត្រីបច្ចេកទេសក្រុមវាលខេត្តកំពង់ចាម បានសហការធ្វើការវាស់វែងរួចចំនួន ៣៣,៥៩១ក្បាលដី ក្នុងឃុំចំនួន៧ ស្មើនឹង ៣៤ភូមិ ដោយឡែកក្បាលដីដែលនៅសល់មិនទាន់បានធ្វើការវាស់វែង មានចំនួន ១៧,៧០០ក្បាលដី ក្នុងឃុំចំនួន២ ស្មើនឹង ២៨ភូមិ។
នេះជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងស្មារតីនៃការបន្តអភិវឌ្ឍ បែងចែកផ្កាផ្លែនៃសុខសន្តិភាព ជាពិសេស ការបន្តមរតកសមិទ្ធផល នៃរដ្ឋបុរសកម្ពុជា និងការបន្តដឹកនាំនាវាកម្ពុជា ដើម្បីកសាង «សង្គមជាតិកម្ពុជាសហសម័យ» រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តបុកគ្រឹះថែរក្សា ការពារ ពូនជ្រំសមិទ្ធផលទាំងឡាយដែលសម្រេចបានកន្លងមក និងធានាបាននូវនិរន្តរភាពការងារ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង។ ជាក់ស្តែង ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្តេចមហាធិបតី បានផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ តាមរយៈគោលនយោបាយនៃ «ការចុះបញ្ជីដីបង្ហើយ»៕