(ភ្នំពេញ)៖ ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពការងារមន្ដ្រីក្រោមឱវាទរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំលើកទឹកចិត្ដដល់បុគ្គលិក ត្រូវខិតខិប្រឹងប្រែងអភិវឌ្ឍចំណេះជំនាញ ប្រកបដោយគុណភាព សមត្ថភាព និងទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញកិច្ចការងារ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែភាពល្អប្រសើរ ក៏ដូចជាឆ្លើយតបទៅនឹងការរីកចម្រើននៃសកលលោក។ការសំណេះសំណាលបានប្រព្រឹត្ដទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានបន្ដថា «កន្លងមកនេះមន្ដ្រីបុគ្គលិកយើង បានលះបង់កម្លាំងកាយចិត្ដ និងស្មារតី បំពេញការងារបានយ៉ាងល្អ ពិសេសក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ ប៉ុន្ដែដើម្បីបោះជំហានឆ្ពោះទៅ ក្លាយជាមណ្ឌលឯកទេសសួតនាពេលអនាគត មន្ដ្រីយើងទាំងអស់ត្រូវតែដឹងច្បាស់ថា យើងគួរប្រឹងប្រែងធ្វើយ៉ាងណា សូមកុំធ្វើអ្វីដែលមិនមានគោលដៅច្បាស់លាស់ និងបណ្ដោយខ្លួនទៅតាមដំណើរ គឺត្រូវតែយកឈ្នះចិត្ដខ្លួនឯង និងស្គាល់ផ្លូវដែលខ្លួនត្រូវដើរ» ។
ដូច្នេះក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ណែនាំជាច្រើនដល់បុគ្គលិក ដើម្បីទទួលបាននូវសមិទ្ធផលការងារបានល្អជាបន្ដបន្ទាប់ ទាំងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ រួមទាំងបង្កើនភាពជាដៃគូកាន់តែច្រើន មកជួយអភិវឌ្ឍមជ្ឈមណ្ឌល ពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយលើកកម្ពស់គុណភាពជីវិតជូនប្រជាពលរដ្ឋយើង។
ជុំវិញជំងឺរបេងនេះដែរ លោកសាស្ដ្រាចារ្យបានជំរុញឱ្យមជ្ឈមណ្ឌល បង្កើនការផ្សព្វផ្សាយពីការយល់ដឹងជំងឺរបេងដល់ប្រជាជន និងត្រូវយល់ថាការប្រយុទ្ធនឹងជំងឺរបេង ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលទាមទារឱ្យមន្រ្តីបុគ្គលិកទាំងអស់ ត្រូវសហការ និងសាមគ្គីគ្នា បំពេញកិច្ចការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យបុគ្គលិកទាំងអស់ពិនិត្យ និងរំលឹកពីការដឹកនាំជំនាន់មុន ដែលមានស្នាដៃល្អ ដោយត្រូវយកធ្វើជាគំរូ ធ្វើឱ្យបានល្អ ឬកាន់តែល្អជាងមុន ដើម្បីរួមគ្នាអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព៕