(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអតីត នាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានប្រធានអាស៊ានថ្មីប្តូរវេនឆ្នាំ២០២៥ បានតែងតាំងជាទីប្រឹក្សា ដើម្បីជួយផ្តល់យោបល់ក្នុងការកាច់ចង្កូតដឹកនាំអាស៊ាន ក្នុងរបត់ នយោបាយពិភពលោកកំពុងតែរងនឹងវិបត្តិចលាចល ដោយសារសង្គ្រាមធំៗពីរមិនទាន់បានបញ្ចប់។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយដើម្បីចង់ដឹងថា តើការតែងតាំងសម្តេចតេជោ ហ៊ុន សែន ជាទីប្រឹក្សានោះ បានជួយជាប្រយោជន៍អ្វីខ្លះដល់ប្រទេសកម្ពុជា?

ការតែងអតីតនាយករដ្ឋមន្ត្រីបរទេសចំនួន២ ធ្វើជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលក្លាយជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងពីសក្តានុពលនយោបាយ និងការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីបរទេសទាំង២រូបនោះ ទាំងនៅលើវេទិកាក្នុងតំបន់និងអន្តរជាតិ។ អតីតនាយករដ្ឋមន្ត្រីទាំង២ ដែលមេដឹកនាំប្រទេសម៉ាឡេស៊ី បានតែងតាំងធ្វើជាទីប្រឹក្សារួមមានអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការតែងតាំងរបស់អតីតនាយករដ្ឋមន្ត្រីថៃ និងអតីតនាយកនៃប្រទេសកម្ពុជា ត្រូវបានចេញផ្សាយតាមរយៈបណ្តាសារព័ត៌មាន និងការបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Mohamad Hasan ខណៈប្រធានអាស៊ានថ្មីនៃប្រទេសម៉ាឡេស៊ី បានដាក់ចេញនូវពាក្យស្លោកជាប្រធានបទដឹកនាំអាស៊ានឆ្នាំ២០២៥ ក្រោមចំណងជើងថា «Inclusivity and Sustainability» មានន័យថា «ការរួមបញ្ចូល និងនិរន្តរភាព» ដែលនិមិត្តរូបសញ្ញា គឺបានរំលេចអត្ថន័យចេញពីផ្ការំយោល Hibiscus ឬ ជាភាសា ម៉ាឡេស៊ី Bunga Raya ដែលមានរចនាបទផ្កាច្រើនសន្លឹក ដែលទោរកោងមកផ្ទៃខាងក្នុង និងជានិមិត្តរូបក្រសោបអាស៊ានភាគខាងកណ្តាល និងក៏ជានិមិត្តរួបនៃការយកចិត្តទុកដាក់របស់ប្រទេសម៉ាឡេស៊ីក្នុងការលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

និមិត្តរូបតំណាងប្រធានបទ Inclusivity and Sustainability គឺជាកញ្ចុំផ្កា ដែលរួមមានទងសន្លឹកចំនួន ៦ តំណាងឱ្យភាពស៊ីវិល័យធំទាំង៦របស់ម៉ាឡេស៊ី Malaysia Madani នោះគឺ ភាពតំណាងឱ្យនិរន្តរភាព Sustainability, ការយកចិត្តទុកដាក់ និងការអាណិតអាសូរ Care and Compassion, ការគោរព Respect, ការច្នៃប្រឌិត innovation, វិបុលភាព Prosperity និងការជឿទុកចិត្ត Trust ។

• ចំណុចអទិភាព៤ នៃមហិច្ឆតាដឹកនាំអាស៊ានឆ្នាំ២០២៥

ប្រទេសម៉ាឡេស៊ី ដែលនឹងក្លាយជាប្រធានអាស៊ានឆ្នាំ២០២៥ បានដាក់ចេញនូវចំណុចជាអទិភាពធំៗចំនួន៤ ជាគោលដៅក្នុងការដឹកនាំអាស៊ានវេលាឆ្នាំក្រោយនេះ។ គោលដៅជាអទិភាពទាំងនោះ រួមមាន៖ ពង្រឹងមជ្ឈភាពអាស៊ាន, លើកកម្ពស់ភាពទុកចិត្តយុទ្ធសាស្ត្រក្នុងចំណោមប្រជាជាតិនានា, ពង្រឹងពាណិជ្ជកម្ម និងការវិនិយោគផ្ទៃក្នុងអាស៊ាន និងចំណុចចុងក្រោយការសង្កត់ធ្ងន់លើការរួមបញ្ចូល និងនិរន្តរភាព។ ដើម្បីសម្រេចលើនយោបាយអទិភាពនៃចំណុចធំទាំង៤នេះ ប្រធានអាស៊ានប្តូរវេននៃប្រ ទេសម៉ាឡេស៊ី បានតែងតាំងទីប្រឹក្សា២រូប ដែលសុទ្ធជាអតីតនាយករដ្ឋមន្ត្រីបរទេសដែលមាន បទពិសោធន៍ដ៏ខ្លាំងក្លាលើកិច្ចការដឹកនាំស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។

• ហេតុអ្វីបានជាមានការតែងតាំងលោក ថាក់ស៊ីន?

មានសំណួរជាច្រើនបានលើកឡើងជុំវិញចង់ដឹងអំពីការតែងតាំងនេះ Fresh Exclusive នឹងរៀបរាប់សង្ខេបខ្លីៗជុំវិញបញ្ហានេះ។ ការតែងតាំងលោក ថាក់ស៊ីន អាចពាក់ព័ន្ធនឹងកត្តាពិសេសចំនួន៦យ៉ាង រួមមានទី១ បទពិសោធន៍យ៉ាងទំលំទូលាយក្នុងពេលដែលលោកកាន់តំណែងជាអតីតនាយករដ្ឋមន្ត្រីថៃឆ្នាំ២០០១ដល់២០០៦ ដែលធ្លាប់មានការទទួលស្គាល់ថា គោលនយោបាយសេដ្ឋកិច្ចរបស់លោក មានភាពច្នៃប្រឌិត, ទី២ នយោបាយតភ្ជាប់ក្នុងតំបន់ និងអន្តរជាតិស៊ីជម្រៅ, ទី៣ នយោបាយរបស់លោក ថាក់ស៊ីន មានភាពស៊ីសង្វាក់គ្នានឹងទស្សនៈវិស័យរបស់លោក អានវ៉ា អ៊ីប្រាហ៊ីម, ទី៤ បទពិសោធន៍ជាមួយនឹងបញ្ហាស្មុកស្មាញក្នុងតំបន់, ទី៥ ការកត់សម្គាល់តាមដាននៃនយោបាយការទូតជាក់ស្តែង និងទី៦ គឺទំនាក់ទំនងជាបុគ្គលរវាងលោក ថាក់ស៊ីន ជាមួយនឹងលោក អាន់វ៉ា។

• ហេតុអ្វីបានជាមានការតែងតាំងសម្តេចតេជោ ហ៊ុន សែន?

កត្តានេះ ក៏ជាសំណួរលើកឡើងជុំវិញនូវការចង់ដឺងនានានៃមួលហេតុដែលជាប់ពាក់ព័ន្ធទាំងនេះផងដែរ ដែល Fresh Exclusive សូមសាកល្បងធ្វើអត្ថាធិប្បាយនៃការវិភាគផ្ទាល់ខ្លូនលើទិដ្ឋភាពទាំងនេះ។

ការតែងតាំងរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើជាទីប្រឹក្សាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយ ដើម្បីយកបទពិសោធន៍ដ៏ទូលំទូលាយមួយរបស់សម្តេចតេជោ ដែលធ្លាប់បានកាន់អំណាចជិត៤ទសវត្សរ៍ ដោយបាននាំប្រទេសមួយឆ្លងផុតពីសង្គ្រាម និងឈានដល់ការអភិវឌ្ឍដ៏រុងរឿង។ រយៈពេលជិត៤០ឆ្នាំ នៃការកាន់អំណាចជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ គឺជាឥស្សរជនដ៏លេចធ្លោក្នុងនយោបាយអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងតំបន់អាស៊ាន និងមានការទទួលស្គាល់និងការផ្តល់ពានរង្វាន់ពិភពកោតសរសើរដល់ស្នាដៃរបស់ សម្តេចក្នុងនយោបាយធ្វើឱ្យប្រទេសមានសន្តិភាព និងមានសេដ្ឋកិច្ចងើបឡើងខ្ពស់បើទោះបី ជាមានរលកព្យុះសេដ្ឋកិច្ចទាំងក្នុងតំបន់និងពិភពលោកយ៉ាងណាក៏ដោយ។

សម្តេចតេជោ គឺជាអ្នកដឹកនាំដែលយល់ដឹងយ៉ាងស៊ីជម្រៅ អំពីសក្ដានុពលក្នុងតំបន់ និងសក្តានុពលនៃទំនាក់ទំនងការទូត ដែលបានផ្តល់តម្លៃសម្រាប់ទំនាក់ទំនងរវាងម៉ាឡេស៊ី ជាពិសេសជាមួយនឹងការធ្វើជាប្រធានអាស៊ាន នាពេលខាងមុខនៅឆ្នាំ២០២៥។ បទពិសោធន៍ នៃជោគជ័យការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមការរៀបចំរបស់កម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជា ទទួលបាននូវភាពល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសំរាប់ប្រជាជនកម្ពុជាទាំងមូល។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន, ថ្នាក់ដឹកនាំនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង, អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួននៅលើសកលលោក និងក្នុងតំបន់ បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្រោមការរៀបចំដោយប្រទេសកម្ពុជានាពេលនោះ។

ការតែងតាំងអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានេះ កាន់តែបង្ហាញនូវមុខមាត់នយោបាយរបស់កម្ពុជា និងជាការទទួលស្គាល់នូវឥទ្ធិពលនយោបាយរបស់សម្តេច ហ៊ុន សែន ដែលប្រទេសជិតខាងក្នុងតំបន់ តែងទទួលស្គាល់និងកោតសរសើរថាសម្តេច គឺជាមេដឹកនាំដ៏មានឥទ្ធិពល និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដែលជាមហាអំណាចនៅលើសកលលោកផងដែរ។ ចំណុច ដ៏លេចធ្លោមួយទៀតនៃនយោបាយរបស់កម្ពុជា គឺឥទ្ធិពលនៃនយោបាយឈ្នះ-ឈ្នះ ដែលសូម្បីតែចលនាបដិវត្តន៍ពណ៌ ដែលធ្លាប់ធ្វើឱ្យប្រទេសមួយចំនួននៅអាស៊ី, នៅអឺរ៉ុប និងមជ្ឈិមបូព៌ា រងភាពក្រឡាប់ចាក់ក៏មិនអាចប៉ះពាល់ប្រទេសកម្ពុជាបានឡើយ ដោយសារតែការបន្តអនុវត្តទស្សនៈវិជ្ជានយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៃប្រទេសកម្ពុជា។

ក្នុងន័យនេះហើយ ដែលការតែងតាំងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះអតីតនាយករដ្ឋមន្ត្រីបរទេសទាំង២ ធ្វើជាទីប្រឹក្សានោះ គឺដោយសារតែឥស្សរជននយោបាយទាំង២ នៃប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវគេរំពឹងថានឹងអាចជួយជម្រុញឱ្យប្រធានថ្មីអាស៊ានឆ្នាំ២០២៥ អាចនឹងសម្រេចនូវចក្ខុវិស័យនយោបាយក្រោមប្រធាន Inclusivity and Sustainability របស់ខ្លួនក្នុងស្ថានការណ៍ដែលតំបន់និងពិភពលោក ដែលកំពុងតែនឹងភាពក្រឡាប់ចាក់ដោយសារតែករណីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាផង និងរវាងរុស្ស៊ី និងអ៊ុយក្រែនផង ដែលអនាគតនៅមិនទាន់មានភាពប្រាកដប្រជាច្បាស់លាស់នៅឡើយទេ។

ការតែងតាំងទាំងនេះ ក៏ជាការបង្ហាញពីវិធីសាស្រ្តសហការមួយដ៏ល្អ ចំពោះភាពជាអ្នកដឹកនាំក្នុងតំបន់ សំដៅទាក់ទាញការយល់ដឹងរបស់អ្នកនយោបាយដែលមានរដូវកាល ដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសនៅក្នុងតំបន់អាស៊ានផងដែរ។ ការតែងតាំងនេះបានធ្វើឱ្យភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាន់តែល្បីល្បាញក្នុងតំបន់និងសកលលោក និងគម្រូនៃភាពដឹកនាំនេះ បច្ចុប្បន្នត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕