Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហង់ ជួនណារ៉ុន ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត

15-10-2016 17:13

(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ បានចូលគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលនេះ។

ក្រសួងអប់រំ បានប្រកាសនៅលើទំព័រ Facebook ថា «ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងនូវ ការចូលរួមរំលែកទុក្ខ និងសោកសង្រេងជាទីបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធព្រះអង្គ ឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ»

សូមជំរាបថា ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រប្រទេសថៃ បានសោយទិវង្គត កាលពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយជន្មាយុ៨៩ព្រះវស្សា។ ដើម្បីកាន់ទុក្ខការសោយទិ​វង្គតរបស់ព្រះមហាក្សត្រថៃនេះ រដ្ឋាភិបាលថៃ បានប្រកាស កាន់ទុក្ខរយៈពេល១ឆ្នាំផងដែរ៕