(ភ្នំពេញ)៖ ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី មិនត្រឹមតែជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជាប្រកបដោយ និរន្តរភាព និងមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមហ៊ុនក៏បានគិតគូយ៉ាងសកម្មចំពោះការបណ្តុះបណ្តាលធនធានមនុស្ស និងមេជាងសំណង់ជំនាញនៅកម្ពុជា។ តួយ៉ាងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន បានបញ្ចប់វគ្គបណ្តុះបណ្តាលមេជាងសំណង់ចំនួន ៣៨ នាក់ ដែលបានទទួលការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់មេជាងសំណង់ដែលបានចូលរួម។

ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន បានសហការជាធ្លុងមួយជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បើកវគ្គបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រដោយឥតគិតថ្លៃ។

តាមការបញ្ជាក់ឱ្យដឹង គោលបំណងចម្បង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបណ្តុះបណ្តាលក្រុមមេជាងសំណង់ ឱ្យពួកគាត់មានជំនាញពិតប្រាកដ ហើយក្លាយជាមេជាងដែលមានសមត្ថភាពត្រឹមត្រូវសម្រាប់អាជីបការងារ ប្រកបដោយស្តង់ដារខ្ពស់ និងរួមចំណែកលើកកម្ពស់វិស័យសំណង់តូចធំគ្រប់ប្រភេទនៅប្រទេសកម្ពុជា ឱ្យមានប្រសិទ្ធភាពការងារមួយកម្រិតបន្ថែមទៀត។

លោក ជ្រុន គីមលេង នាយកវិទ្យាស្ថាន​ពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានអរគុណដល់ លោក​ កាសេម ម៉ាក្រៃលើត នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ដែលបាន បង្កើតវគ្គសិក្សានេះឡើងសម្រាប់មេជាង សំណង់ ដែលអាចជួយអោយពួកគាត់អាចពង្រីកចំណេះជំនាញរបស់គាត់ អោយកាន់តែប្រសើរ អោយស្របទៅតាមស្តង់ដារការងារនៅក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។​

លោកបានបន្តទៀតថា ការណ៍ដែរមានចំណេះជំនាញច្បាស់លាស់ អាចជួយកាត់បន្ថយភាពក្រីក្រ ក៏ដូចជាជួយទៅដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ ហើយលោកក៏បានអំពាវនាវទៅដល់មេជាងសំណង់ដែលមិនទាន់ មានសញ្ញាបត្រ ទាំងអស់ សូមចូលរួមចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា ដើម្បីទទួលបានសញ្ញាប័ត្រ ក៏ដូចជាអភិវឌ្ឍជំនាញរបស់ខ្លួន។​

លោក កាសេម ម៉ាក្រៃលើត បានថ្លែងនៅក្នុងកម្មវិធីថា «ខ្ញុំពិតជា​អរគុណចំពោះអ្នកទាំងអស់គ្នាដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះបានដោយជោគជ័យ។ ឥឡូវនេះអ្នកទាំងអស់គ្នាត្រូវបានចូលរួមជាមួយសហគមន៍មេជាងសំណង់ជាង ១ ០០០នាក់ ដែលធ្លាប់បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលនេះតាមរយៈការរៀបចំដោយក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ។ ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី យើងមានការប្តេជ្ញាចិត្តក្នុងការរួមចំណែក អភិវឌ្ឍជំនាញ ទៅដល់ក្រុមមេជាងសំណង់​ ដូចអ្នកទាំងអស់គ្នា»

លោកបន្ថែមថា ក្នុងនាមជាមេជាងសំណង់ លោកអ្នកមានតួនាទីសំខាន់មិនត្រឹមតែសាងសង់អាគារប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងអស់គ្នាគឺជាអ្នកជំរុញសេដ្ឋកិច្ចអោយមានភាពរីកចម្រើនផងដែរ។ អ្នកទាំងអស់គ្នាក៏មានឱកាសដើម្បីរួមចំណែកក្នុងការថែរក្សាបរិស្ថានបៃតងដោយការជ្រើសរើសផលិតផលស៊ីម៉ងត៍ដែលផលិតឡើងដោយគិតគូពីបរិស្ថានសម្រាប់ប្រើប្រាស់ក្នុងគោលបំណងនីមួយៗ​ ដោយយើងមាន ស៊ីម៉ងត៍អូដ្ឋរឹងមាំ ដែលមានគុណភាពល្អសម្រាប់ការងារគ្រឹះ បេតុង និងការងាររៀបឥដ្ឋ ចំណែក ស៊ីម៉ងត៍ វី ល្អសម្រាប់ការប្រើប្រាស់ការងារទូទៅ​ ដូចជាការងាររៀបឥដ្ឋ និងបូកជញ្ជាំង និងស៊ីម៉ងត៍អូដ្ឋបូក យើងផលិតឡើងជាពិសេសសម្រាប់ការងារបូកជញ្ជាំង ដែរមានគុណភាពខ្ពស់។

លោកបន្តថា «ផលិតផលសីម៉ងត៍អូដ្ឋ របស់យើង ផលិតឡើងតាមស្តង់ដារអាមេរិកនិងថៃ ហើយគឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជាដែលមានលិខិតបញ្ជាក់ពីផលិតផលដែលគិតគូពីបរិស្ថាន (EPD)។ នេះធានាថា អ្នកទាំងអស់គ្នាជ្រើសរើសផលិតផលស៊ីម៉ងត៍អូដ្ឋមកប្រើប្រាស់ លោកអ្នកមិនត្រឹមតែជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់ទេ ប៉ុន្តែអ្នកក៏រួមចំណែកក្នុងការកែលម្អបរិស្ថានផងដែរ»

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន គឺជាក្រុមហ៊ុនស៊ីម៉ងត៍ បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕